Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ ប្រទេសសមាជិកទាំងអស់ ត្រូវរៀបចំផែនការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព តាមរយៈការទទួលស្គាល់នូវប័ណ្ណចាក់វ៉ាក់សាំង

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីតម្រូវក្នុងការពន្លឿន នូវដំណើរការចាក់វ៉ាក់សាំង ដោយប្រកាន់ភ្ជាប់គោលការណ៍បរិយាប័ន្ន និងមិនមានការរើសអើង។
ចំពោះការស្តារឡើងវិញនៃសេដ្ឋកិច្ចដំណាក់កាលដំបូង ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ឯកឧត្តមបានលើកឡើងបន្ថែមទៀតថា ប្រទេសសមាជិកទាំងអស់ត្រូវរៀបចំផែនការ ធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមរយៈការទទួលស្គាល់នូវប័ណ្ណចាក់វ៉ាក់សាំង បញ្ជរត្រួតពិនិត្យ និងធ្វើតេស្ត PCR ប្រកបដោយប្រសិទ្ធភាពនៅតាមព្រលានយន្តហោះ និងច្រកព្រំដែនទាំងអស់ និងប្រព័ន្ធតាមដាននិងត្រួតពិនិត្យបណ្តាញជំងឺកូវីដ-១៩។

ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគ្គង-សាធារណរដ្ឋកូរ៉េលើកទី១១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ពីបណ្ដាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ គួរត្រៀមនូវផែនការស្តារឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតថ្នាក់តំបន់ដោយប្រុងប្រយ័ត្ន ដើម្បីធានាឱ្យបាននូវភាពធន់ និងនិរន្តរភាពនៃសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងរដ្ឋនិងឯកជន ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់ការតភ្ជាប់ផ្នែកទន់និងរឹង ដើម្បីសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ថាមពលបៃតង និងការផ្លាស់ប្តូរផ្នែកឌីជីថល នៅក្នុងអនុតំបន់មេគង្គ។

រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ បានពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលមានកន្លងមកនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ផ្អែកលើសសរស្តម្ភទាំង៣ ដែលរួមមានប្រជាជន វិបុលភាព និងសន្តិភាព ព្រមទាំងវិស័យអាទិភាពទាំង៧ នៃសេចក្តីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន៖ (i) វប្បធម៌ និងទេសចរណ៍ (ii) ការអភិវឌ្ឍធនធានមនុស្ស (iii) កសិកម្ម និងអភិវឌ្ឍន៍ជនបទ (iv) ហេដ្ឋារចនាសម្ព័ន្ធ (v) បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) (vi) បរិស្ថាន និង (vii) បញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី។
រដ្ឋមន្រ្តីទាំងអស់បានបន្តការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលបន្ថែមទៀត នូវការដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងកិច្ចការអភិបាលកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការ ការចូលរួមរបស់វិស័យឯកជន និងការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្ម និងការផ្លាស់ប្តូរផ្នែកឌីជីថល នាពេលអនាគត នៅក្នុងអនុតំបន់មេគង្គ ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចបែបឌីជីថល ច្រកចេញ-ចូលជាតិតែមួយ ពាណិជ្ជកម្ម អេឡិចត្រូនិក សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត បណ្តាញប្រព័ន្ធ 5G ដែលធានាបាននូវសុវត្ថិភាព បញ្ញាសិប្បនិម្មិត និងទិន្នន័យធំ ដោយគិតគូរពិចារណាទៅលើជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមថ្មីៗនានាដែលកំពុងតែកើតមាន។

អង្គប្រជុំបានឯកភាពពន្យារ «ឆ្នាំផ្លាស់ប្តូរមេគង្គ-សាធារណរដ្ឋកូរ៉េ» ដល់ឆ្នាំ២០២២ ដើម្បីជំរុញឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមក តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងចំណោមប្រទេសទាំង៦ ដោយរង់ចាំការអនុម័តពីប្រមុខដឹកនាំមេគង្គ-សាធារណរដ្ឋកូរ៉េ ក្នុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េលើកទី៣។ លើសពីនេះ រដ្ឋមន្ត្រីនៃបណ្តាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ បានស្វាគមន៍ដោយក្តីសង្ឃឹមខ្ពស់ចំពោះវេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ៩ ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសកម្ពុជា នាអំឡុងពេលចុងឆ្នាំនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីសំខាន់នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងគោលនយោបាយឆ្ពោះទៅភាគខាងត្បូងបូកថ្មី ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងអនុតំបន់មេគង្គ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងអស់បានអនុម័តលើសេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ និងបានអនុម័តការអនុវត្តគម្រោងចំនួន ៧ សម្រាប់ឆ្នាំ២០២១ ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េជុំទី៥ ទៅដល់បណ្តាប្រទេស
មេគង្គ សាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានមេគង្គ (MI)។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កាគួរជាទីមោទន តាមរយៈការយល់ឃើញរួមគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការប្ដេជ្ញាចិត្តក្នុងការកសាងភាពធន់សម្រាប់សេដ្ឋកិច្ចក្នុងតំបន់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×