ភ្នំពេញ ៖ ជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧ តាមប្រព័ន្ធវីដេអូ ពីចម្ងាយ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន និងកំណត់ទិសដៅបន្តនៃការពង្រឹងកិច្ចសហប្រតិបត្តិការ ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (កម្មវិធី GMS )។
ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧ ថ្នាក់ដឹកនាំនៃប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់សាជាថ្មី អំពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការអនុវត្ត កម្មវិធី GMS និងបានអនុម័តឯកសារ សំខាន់ៗ ចំនួន ២ រួមមាន ÷
១- គ្រាប់ខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ (GMS ២០៣០) សម្រាប់ដឹកនាំកម្មវិធី GMS នៅក្នុងទសវត្សរ៍ថ្មី ,
២- ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងផែនការស្ដារឡើងវិញ ឆ្នាំ២០២១ – ២០២៣ ដែលជាឯកសារយុទ្ធសាស្ត្របំពេញបន្ថែមដល់យុទ្ធសាស្ត្រ GMS-ឆ្នាំ២០៣០ ផ្ដោតលើការគាំទ្រដល់ការស្ដារឡើងវិញនៃប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចនៃអនុតំបន់ក្នុងរយៈពេលមធ្យម។
ខ្លឹមសារនៃកិច្ចប្រជុំកំពូលនេះ បានបង្ហាញលទ្ធផលទៀតថា នៅក្នុងទសវត្សទី៣ នៃការអនុវត្តកម្មវិធីមហាអនុតំបន់នេះ កម្មវិធីនឹងបន្តផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវភាពតភ្ជាប់ភាព ភាពប្រកួតប្រជែង ភាពជាសហគមន៍ ក្នុងវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកសិកម្ម ថាមពល បរិស្ថាន កិច្ចសហប្រតិបត្តិការសុខាភិបាល ទេសចរណ៍ ការដឹកជញ្ជូន និងសម្រួលពាណិជ្ជកម្ម និងនគរូបនីយកម្ម ដោយផ្អែកលើកំណត់ត្រានៃភាពជោគជ័យកន្លងមក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN