ភ្នំពេញ ៖ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា និងមន្ត្រីប៉ូលីសចិនប្រចាំនៅកម្ពុជា បានពិភាក្សាគ្នាលើចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចការពាររដ្ឋមន្ត្រីការបរទេសចិន ដែលនឹងអញ្ជើញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ហើយថា នឹងមានរៀបចំពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន ផងដែរ។
សូមបញ្ជាក់ថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិន បានផ្តល់ជំនួយក្នុងការសាងសង់ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។
កិច្ចប្រជុំស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ លោក វ៉ាង យី រួមមានមន្ត្រីជាន់ខ្ពស់ដូចជា ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ជុំ សុវុធ ប្រធាននាយកដ្ឋានអង្គរក្ស ធ្វើឡើងនៅព្រឹកទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯភាគីចិនមាន លោក លី ជីងហ្វឹង អនុព័ន្ធយោធាអមស្ថានទូតចិន និងលោក ចាង ពីង មន្ត្រីទំនាក់ទំនងកិច្ចការប៉ូលីសស្ថានទូតចិន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN