Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគតរួមគ្នា»។

នៅក្នុងពិធីនេះ សម្តេចតេជោ បានថ្លែងសុន្ទរកថាគន្លឹះមួយចំនួន ដោយចាត់ទុកថា ពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ជាសក្ខីកម្ម នៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍលើ គ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន ។ សម្តេចក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងខួបនៃការប្តេជ្ញាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ»។

សម្តេចតេជោ ក៏បានថ្លែងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិតនិងចែកចាយវ៉ាក់សាំង ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្រាប់កម្ពុជាទោះបីត្រូវបានចាត់ទុកថា ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានប្តេជ្ញាប្រែក្លាយ វិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹង វិបត្តិនាពេលអនាគត។ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្ត បីសំខាន់គឺ ទប់-ស្កាត់, ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។ ក្នុងគោលបំណងពន្លឿនការបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងទប់ទល់នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ ជូនដល់មន្រ្តីផ្តល់សេវាសាធារណៈជួរមុខ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកដែលសម្រេចបាន នូវយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងចំនួន២ដូសជូនប្រជាជន ដែលមានអាយុ ១៨ ឆ្នាំឡើងសម្រេចបានចំនួន ៨៦% និងដូសទី១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន៨១%។ កម្ពុជានឹងអាចសម្រេចបាននូវ គោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗនៃសកម្មភាពសង្គម-សេដ្ឋកិច្ចនាពេលឆាប់ៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះជាមួយនឹងស្មារតីបុរេសកម្ម, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច, វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួច ជាបន្តបន្ទាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×