Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់អំពីជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពកម្ពុជានិងអាមេរិក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីជំហររបស់កងទ័ពជើងគោកកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសរង់ចាំស្វាគមន៍ជានិច្ចក្នុងការសហការជាមួយលោកអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ដើម្បីពិភាក្សាកិច្ចការនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាទ្រិក មូហ្វីរ (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ព្រមជាមួយនឹងវត្តមានរបស់លោកវរសេនីយ៍ឯក Thang Ly ដែលត្រូវណែនាំខ្លួនក្នុងឱកាសដែលលោកត្រូវចូលកាន់តំណែងជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ឆ្លៀតក្នុងឱកាសនោះ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងនោះរួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Johnson & Johnson ជាង ០១ លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (Covax) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កាលពីខែកក្កដា និងសីហាកន្លងទៅ ដែលនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក ប៉ាទ្រិក មូហ្វីរ បានសម្តែងនូវការកោតសរសើរចំពោះគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿនរហ័ស និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះសម្រេចលទ្ធផលជាង ៩០% លើចំនួនប្រជាជនគោលដៅ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងអំពីសារៈសំខាន់ នៃការថែរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យបានល្អ និងអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យសុខាភិបាល ដែលបានអនុវត្តកន្លងមក ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×