នេះគឺជាខណៈពេលដ៏គួរឲ្យស្រៀវរន្ធ.ត់ណាស់ នៅពេលដែលបានឃើញអ្នកជិះម៉ូតូ២នាក់ គឺសឹងតែគេចពីអាយុជីវិតពុំរួច ប៉ុន្តែ ពួកគេទាំងពីរត្រូវបានចាត់ទុកថា ពិតជាមានជីវិតថ្លៃណាស់ ឬ អាចនិយាយបានថា សំណាងមួយក្នុងមួយពាន់មួយម៉ឺនគ្រោះថ្នាក់ នៅក្នុងហេតុការណ៍ផ្ទាំងថ្មភ្នំដ៏ធំ បានបាក់រមៀលកាត់ថ្នល់។
ហេតុការណ៍បាក់ដីបណ្តាលឲ្យផ្ទាំងថ្មដ៏ធំ រមៀលកាត់ផ្លូវដ៏រន្ធ.ត់នេះ គឺត្រូវបានដឹងថា បានកើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវហាយវ៉េ (Rishikesh ទៅកាន់ Chamba) ក្នុងស្រុក Tehri រដ្ឋ Uttarakhand ប្រទេសឥណ្ឌា។
គ្រោះធម្មជាតិបាក់ដីភ្នំនេះ បានបំផ្លាញបំពង់ទឹកក្រោមដី និងក៏ដូចចរាចរយានយន្តនៅតំបន់នេះ ក៏រងផលប៉ះពាល់ ដោយសារការបាក់ដីនេះផងដែរ។
នៅក្នុងវីដេអូឃ្លីបមួយ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញអ្នកជិះម៉ូតូពីរនាក់ដែលឆ្លងផ្លូវនេះ គឺពិតជាសំណាងដែលអាចរួចផុតពីសេចក្តីស្លាប់ នៅពេលផ្ទាំងដុំថ្ម “ដ៏ធំ” បានធ្លាក់មកលើផ្លូវ ខណៈពួកគេទើបតែឆ្លងកាត់ប៉ុន្មានវិនាទីមុននេះប៉ុណ្ណោះ។ អ្នកលេងអ៊ីនធឺណេតទាំងអស់ ត្រូវនិយាយថា អ្នកជិះម៉ូតូទាំងពីរពិតជាសំណាងណាស់។
ក្រោយមកផ្លូវហាយវ៉េនេះត្រូវបានបិទដោយសារតែដុំថ្មច្រើនពេក បានធ្លាក់ពីលើភ្នំ។ ករណីនេះបាននាំឱ្យមានការកកស្ទះចរាចរណ៍យូរផងដែរ។ សូមបញ្ជាក់ថា តំបន់មួយចំនួននៃ អ៊ូរ៉ាតខាន់ និង ហ៊ីម៉ាចប្រាដេស (ឥណ្ឌា) បានជួបប្រទះអាកាសធាតុ និងគ្រោះធម្មជាតិយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ រដ្ឋទាំងពីរនេះកំពុងមើលឃើញពីចំនួនខ្ពស់នៃការបាក់ដី។
មុននោះបន្តិចផងដែរ ការរបាក់ដីយ៉ាងធ្ងន់ធ្ងរ ក៏បានកើតឡើងនៅក្នុងស្រុកស៊ីមឡា នៃរដ្ឋ ហ៊ីម៉ាឆាលប្រាដេស ដែលនាំឱ្យមានការកកស្ទះចរាចរណ៍នៅលើផ្លូវហាយវេលេខ៥ ដែលតភ្ជាប់ទីក្រុងហ្វីរ៉ូហ្សពួរ ក្នុងទីក្រុងពុនចាប ជាមួយ ស៊ីបគីឡា នៅព្រំដែនឥណ្ឌា-ចិន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








