ភ្នំពេញ ៖ ចុងបញ្ចប់មន្ត្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលជាប់ចោទថាបាន ប្រើអាយកូមវា.យក្បាលនារីជិះម៉ូតូមិនពាក់មួកសុវត្តិភាព មិនគោរពច្បាប់ចរាចរបើកបញ្ច្រាសទិស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះត្រូវបានសមត្តកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមផ្លូវច្បាប់ ។

មន្ត្រីនគរបាលរូបនោះឈ្មោះ ម៉ាត់ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មានឋាននន្ទរស័ក្តអនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ ចំណែក នារីរងគ្រោះមានឈ្មោះងន ស្រីនិច អាយុ២២ឆ្នាំ។
បើតាមសមត្តកិច្ចឲ្យដឹងថា លោក ម៉ាត់ ពិសី ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា កសាងសំណុំរឿងចោទប្រកាន់ជាបណ្តោះ អាសន្ន ពីបទ.ហឹ.ង្សា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។
សំណុំរឿងនេះកំពុងស្ថិត នៅក្នុងចំណាត់ការរបស់លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូ ងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បានជាសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមន្ត្រីនគរបាល ជាប់សង្ស័យ ប្រើអាយកូមវា.យបែកក្បាលនារីជិះម៉ូតូនោះ ដោយការដោះស្រាយសំណងរដ្ឋប្បវេណី មិនត្រូវរ៉ូវគ្នារវាងភាគីទាំងពីរ ។
ខាងនារីរងរបួសបានទាមទារប្រាក់សំណង ក្នុងការថ្លៃព្យាបាលរហូតដល់ទៅ ១ម៉ឺនដុល្លារអាមេរិក ។ ចំណែកមន្ត្រីនគរបាលគឺលោក ម៉ាត់ ពិសី មិនមានលទ្ធភាពសំណងរដ្ឋប្បវេណី និងជាប់បណ្តឹងអាជ្ញាផង ទើបសមត្ថកិច្ចត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ ។
សូមជម្រាប់ថាករណីនេះ បានកើតឡើង នាវេលាម៉ោងជិត ៨ យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យបទល្មើស នឹងច្បាប់ចរាចរណ៍ របស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចំណុចម្ដុំអាងទឹកពហុកីឡដ្ឋានជាតិ អូឡាំពិក តាមបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ជំនោ






