កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Diourbel ប្រទេសសេណេហ្កាល់ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយយុវជនម្នាក់មានឈ្មោះថា Khadim Mboup អាយុ ២២ ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យ Gaston Berger បានបន្លំខ្លួនធ្វើជានារី ដើម្បីប្រលងជំនួសសង្សាររបស់ខ្លួន។
យោងតាមកាសែត ឡាដប៊ីបបល៖ យុវជន Khadim បានពាក់កន្សែងបង់ក អាវទ្រនាប់ និងក្រវិល បន្លំធ្វើជាសិស្សស្រី ដើម្បីអាចចូលប្រលងបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់មិត្តស្រីអាយុ ១៩ ឆ្នាំ ព្រោះខ្លាចមិត្តស្រីរបស់ខ្លួនប្រលងមិនជាប់។
វិធីរបស់ Khadim បានដំណើរការដោយរលូនរយៈពេលបីថ្ងៃ ប៉ុន្តែអ្វីៗបានប្រែទៅជាអាក្រក់នៅថ្ងៃទីបួន នៅពេលដែលគេបានកត់សម្គាល់ឃើញអ្វីៗគួរឲ្យចម្លែក ទៅលើរូបរាងរបស់ Khadim។ សមាជិកនៃគណៈកម្មការត្រួតពិនិត្យដែលសង្ស័យអំពី Khadim ក៏បានជូនដំណឹងដល់អាជ្ញាធរ ហើយបន្ទាប់មក ប៉ូលីសក៏បានចុះមកចាប់ខ្លួន Khadim ត្រូវបានចាប់ខ្លួន។
បន្ទាប់ពីត្រូវបានសាកសួរ Khadim បាននាំក្រុមអ្នកស៊ើបអង្កេតទៅបន្ទប់ផ្ទះសំណាក់មួយ ទីកន្លែងដែលមិត្តស្រីរបស់គេឈ្មោះ Gangue កំពុងស្នាក់នៅ។ ប៉ូលីសបានចាប់ខ្លួនគូស្នេហ៍វ័យក្មេង និងចោទប្រកាន់ពួកគេពីបទឆបោក។
Khadim បានសារភាពថា ខ្លួនបានធ្វើខុស ប៉ុន្តែបានសង្កត់ធ្ងន់ថា ស្នេហារបស់គេចំពោះ Gangue គឺជាកម្លាំងរុញច្រាននៅពីក្រោយគាត់។ Khadim បាននិយាយត្រង់ៗថា៖ “ខ្ញុំបានធ្វើសកម្មភាពដោយក្តីស្រឡាញ់ ពីព្រោះមិត្តស្រីរបស់ខ្ញុំមានការលំបាកយ៉ាងខ្លាំងក្នុងការស្ទាត់ជំនាញភាសាអង់គ្លេស”។
តែទោះយ៉ាងណា គូស្នេហ៍វ័យក្មេងមួយគូនេះ នឹងត្រូវប្រឈមមុខ ការហាមឃាត់មិនឱ្យប្រលងការអប់រំថ្នាក់ជាតិ រយៈពេល ៥ ឆ្នាំ។ លើសពីនេះ ទាំង Khadim និង Gangue ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រឡងវិញ្ញាបនប័ត្រ នៃស្ថាប័នអប់រំសាធារណៈទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





