ភ្នំពេញ៖ លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រកាសថា៖ មន្ទីរ រួមជាមួយនិងគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងចាត់វិធានការផ្លូវច្បាប់ មិនយោគយល់ឡើយចំពោះគ្លីនិច ណាដែលធ្វើអាជីវកម្មអត់ច្បាប់ ពោលគឺបិទអាជីវកម្មតែម្តងរួមនិងការផាកពិន័យជាប្រាក់៥លានរៀល ។ដោយឡែកចំពោះគ្លីនិចណាដែល មានច្បាប់អនុញ្ញាតហើយ តែមិនគោរពអនុវត្ដន៍បានត្រឹមត្រូវតាមគោលការណ៍ណែនាំ ច្បាប់អនុញ្ញាត ត្រូវដកអាជ្ញាប័ណ្ណ នោះមកវិញ ហើយធ្វើការអប់រំ លើកទី១ លើក២ ក្រោយមកបើនៅតែមិនអនុវត្តទើបត្រូវផាកពិន័យជាប្រាក់៥លានរៀល ហើយបើនូវតែមិនគោរព ទៀតត្រូវ តែបិទទាំងស្រុងតែម្តង ។
ការព្រមានបែបនេះរបស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ខណៈដែលលោក និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ កោះប្រជុំជាលើកទី២ ជាមួយគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ។
ក្នុងនោះលោកប្រធានមន្ទីរសុខាភិបាលបញ្ជាក់ដែរថា៖ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីសុខាភិបាល មួយចំនួន នៅមានចំណុចខ្វះខាត និងធ្លាក់ចុះ នូវក្រមសីលធម៌ និងមានការធ្វេសប្រហែសរបស់គ្រូពេទ្យមួយចំនួនតូច ដែលធ្វើឲ្យមានការត្អួញត្អែរពីប្រជាពលរដ្ឋ ចំពោះឥរិយាបទ នៃការផ្តល់សេវាសុខាភិបាលនេះ។ ម្យ៉ាងទៀតក៏នៅមានការធ្វេស ប្រហែសក្នុងការបំពេញមុខជំនាញវិជ្ជជីវៈ របស់គ្រូពេទ្យមួយចំនួនតូចដែលពីពេលនេះទៅមុខចាំបាច់ត្រូវយកចិត្តទុកដាក់ មិនត្រូវមើល ស្រាលបញ្ហានេះបន្តទៀតទេ ព្រោះវាជាចំណុចដ៏សំខាន់សម្រាប់ការអនុវត្តរបស់មន្ត្រីសុខាភិបាលត្រូវធ្វើឲ្យបានស្រុះដៃគ្នា និងគ្រប់ទីកន្លែងទាំងអស់។
លោកបន្តទៀតថា៖ នៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ ២០១៨នេះ មន្ទីរ បានចុះស្រង់ស្ថិតិ ឱសថស្ថាន ឱសថស្ថានរង(ក )និងឱសថស្ថានរង(ខ )ចំនួន៩០៩កន្លែង សរុបជាមួយគ្លីនិចឯកជន ដែលកំពុងធ្វើអាជីវកម្ម បានចំនួន ៣២៦៩ កន្លែង យើងបានពិនិត្យឃើញគ្លីនិច អត់ច្បាប់២កន្លែង តែយើងបានបិទទាំងស្រុងហើយដែរ ក្រោយពីគណៈកម្មាធិការយើងបានចុះអប់រំ២ ទៅ៣ដងរួចមកហើយនោះ ។
ក្នុងឱកាសនោះលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា វាដល់ពេល ដែលត្រូវពង្រឹងគុណភាព វិស័យសុខាភិបាល ដោយចាត់វិធានការផ្លូវច្បាប់ហើយដើម្បីបុព្វហេតុធ្វើឲ្យប្រសើរឡើង នូវសុខភាពប្រជាជន តាមរយៈការផ្តល់សេវា សុខាភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាព ជូនដល់ប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ និងគ្រប់ជនរងគ្រោះ ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ។
លោកស្រី អភិបាលរងរាជធានីបានបន្តថា៖ មន្ទីរសុខាភិបាល ត្រូវណែនាំដល់បណ្ដា គ្លីនិច រដ្ឋ ឯកជន ត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈឲ្យស័ក្តិសមជាគ្រូពេទ្យ ក្នុងការលើកស្ទួយ អនាម័យសុខភាពបំរើប្រជាពលរដ្ឋឲ្យចំគោលដៅ ។ជាមួយគ្នានេះដើម្បីពង្រឹងគុណភាពវប្បធម៌ការងារនិងការគោរពក្រមសីលធម៌វិជ្ជាជិវៈរបស់មន្ត្រីសុខាភិបាលមិនទាន់គោរពនិងអនុវត្តន៍បាន។ដូច្នេះត្រូវរួមគ្នាខិតខំរកចំណុចប្រឈមដែល បាននិងកំពុងជួបប្រទះដើម្បី សម្រេចដាក់ចេញទិសដៅអនុវត្តន៍បន្តនៅរាជធានី ក្នុងឆ្នាំ២០១៨ នេះឲ្យកាន់តែមានប្រសិទ្ធបន្តទៀត។
គួរបញ្ជាក់ថា៖ សព្វថ្ងៃនៅរាជធានីភ្នំពពេញ មានមន្ទីរមានការរិយាល័យ ស្រុកប្រតិបត្តិចំនួន៧ មន្ទីរពេទ្យបង្អែក ថ្នាក់រាជ ធានីចំនួន១ មន្ទីរពេទ្យបង្អែកតាមខណ្ឌចំនួន៧ មណ្ឌលសុខភាពចំនួន៤៣កន្លែង និងប៉ុស្តិ៍សុខភាពចំនួន៨កន្លែង ដែលមានមន្ត្រីសុខាភិបាលកំពុងបម្រើការងារសរុបចំនួន ១.១៩៩នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ