ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណ:ប្រតភូអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង១១ព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយ:ពេល២ថ្ងៃ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានអាហារការងារពេលព្រឹកជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ឯកឧត្តមក៏នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន។
បើតាមសេចក្តីប្រកាសរបស់ ស្ថានទូតចិនប្រចាំនៅកម្ពុជា, ចាប់ពីថ្ងៃទី១០ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើទស្សនកិច្ចកម្ពុជា និងប្រទេសជាមិត្តចំនួន៣ផ្សេងទៀត ដែលក្នុងនោះរួមមានវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

