ចោរឆក់ម្នាក់នៅក្នុងប្រទេសឥណ្ឌា ពិតជាប្តូរជីវិតដ៏ចម្លែកបំផុត ដោយត្រូវបានបង្ខំហូបចេក និងថ្នាំបញ្ចុះលាមកបន្ទាប់ពីគាត់បានលេបខ្សែកមាសមួយខ្សែ ដែលបានឆក់ពីស្រ្តីម្នាក់នៅក្នុងទីក្រុង Bengaluru។
សារព័ត៌មាន news18 បានរាយការណ៍ឲ្យដឹងថា ចោររូបនោះមានឈ្មោះ Vijay Cunda Thali អាយុ ២១ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីប្រជាពលរដ្ឋ បានដេញចាប់វាយឡើងទ្រោម ខណៈពួកគេបានឃើញចោររូបនេះកំពុងប្រព្រឹត្តបទល្មើស និងព្យាយាមរត់គេចខ្លួន។
Vijay បានប្រព្រឹត្តបទល្មើសឆក់ ជាមួយបុរសពីរនាក់ផ្សេងទៀត ដែលត្រូវបានគេស្គាល់មានឈ្មោះ Sanjay និង Prem កំពុងរត់គេចខ្លួន។ ពួកគេទាំងបីនាក់បានធ្វើសកម្មភាពឆក់ នៅលើផ្លូវ MT នៃ Central Bengaluru នៅម៉ោងប្រហែល ៨ និង ៥០ នាទីយប់។ ស្ត្រីរងគ្រោះឈ្មោះ Hema បានកាន់ខ្សែកមាសរបស់នាងយ៉ាងណែន នៅពេលដែលចោរទាំងបី ព្យាយាមឆក់យក ដែលបណ្តាលឱ្យអ្នកស្រុកនៅក្បែរនោះ ក្រឡេកឃើញហេតុការណ៍នេះ ហើយភ្លាមៗនោះ ពួកគេក៏ប្រញាប់ប្រញាល់ចូលទៅជួយនាង។
ទោះយ៉ាងណា Vijay បានឆក់យកខ្សែកមាសទម្ងន់ ៧០ ក្រាម បានសម្រេច ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានអ្នកស្រុកចាប់បាន។ ទោះយ៉ាងណា ខ្សែកមាសនោះ គេពុំរកឃើញនៅជាប់ខ្លួន Vijay ឡើយដែលហាក់ដូច ចោររូបនេះបានលេបវាចូលពោះបាត់ទៅហើយ។
ចោរឆក់រូបនេះ ត្រូវបាននាំទៅកាន់ប៉ូលីស និងបានសារភាពថា រូបគេបានលេបខ្សែច្រវ៉ាក់មាសចូលពោះ។ បន្ទាប់មក ប៉ូលីសក៏បានបញ្ជូនចោររូបនេះទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីពិនិត្យ។ នៅទីនោះក្រុមគ្រូពេទ្យបានធ្វើការស្កែនកាំរស្មីអ៊ិចទៅលើ Vijay ហើយពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរកឃើញខ្សែកមាសនៅក្នុងពោះរបស់ជនល្មើស។ បន្ទាប់មក ប៉ូលីសបានបង្ខំឲ្យ Vijay ហូបចេក ដើម្បីបញ្ចេញខ្សែកមាស។
តែយ៉ាងណា ដោយសារវិធីនេះមិនដំណើរការ ក្រុមគ្រូពេទ្យក៏បានប្រើថ្នាំបញ្ចុះលាមកឈ្មោះថា Enema ហើយជាលទ្ធផល សារធាតុរ៉ែមាស នោះក៏ត្រូវបានបញ្ចេញដោយជោគជ័យ។ បន្ទាប់ពីប៉ូលីសបានរឹបអូសយកខ្សែកមាសនោះរក្សាទុកជូនជនរងគ្រោះ Vijay ក៏ត្រូវបានចាប់ខ្លួន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

