ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សមិទ្ធផលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាទទួលបាន នាពេលនេះ គឺមិនមែនជាការចៃដន្យនោះទេ គ្មានអ្នកណា និងសូម្បីតែរូបខ្ញុំផ្ទាល់ ក៏មិនដែលនឹកស្មានថា មានសមិទ្ធផលបែបនេះឡើយ ពោតគឺ ជាការខំប្រឹងប្រែងក្នុងការទំនាក់ទំនងយ៉ាងខ្លាំងក្លារវាងកម្ពុជា និងចិន, ហើយថា នេះគ្រាន់តែជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលផ្តល់ដោយប្រធានាធិបតីចិន ស៊ី ជិនពីង តែប៉ុណ្ណោះ។

ការចាត់ទុកបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីប្រគល់-ទទួល ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានេះគ្រាន់តែជាពិធីសម្រាប់ការប្រគល់-ទទួល មួយតែប៉ុណ្ណោះ យើងត្រូវធ្វើពិធីសម្ពោធមួយទៀត ដោយសង្ឃឹមថាមានថ្នាក់នាំជាន់ខ្ពស់របស់ចិន មកចូលរួមដើម្បីអបអរសាទរនូវសមិទ្ធផលដែលចេញមកពីការខិតខំប្រឹងប្រែង និងផ្លែផ្កានៃចំណងមិត្តភាពរវាងកម្ពុជា-ចិន ជាច្រើនរូបបន្ថែមទៀត។
ចំណែក លោក វ៉ាង យី បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះ កីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










