Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន គាំទ្រផលិតផលកសិកម្មកម្ពុជា នាំចូលទៅកាន់ទីផ្សារប្រទេសចិន និងជួយកម្ពុជាឲ្យបានច្រើនថែមទៀត

ភ្នំពេញ ៖ ក្នុងជំនួបចុះហត្ថលេខាសំខាន់ៗលើកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នាព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យានៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា ចិននឹងនាំផលិតផលកសិកម្មកម្ពុជា ចូលទៅកាន់ទីផ្សារចិន ឱ្យបានកាន់តែច្រើន ថែមទៀត ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។

ជាមួយនឹងការអភិវឌ្ឍលើវិស័យកសិកម្ម បញ្ហាទីផ្សារ និងការអភិវឌ្ឍលើវិស័យជាច្រើនទៀត លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន, យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។

ផ្ដើមពីបញ្ហានាំយកផលិតផលកសិកម្មខ្មែរ ចូលទៅកាន់ទីផ្សារប្រទេសចិននេះ គឺសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួប ជាមួយ លោក វ៉ាង យី នោះ សម្តេចបានលើកយកបញ្ហាកសិផលនេះ ជជែកជាមួយ លោក វ៉ាង យី ដោយស្នើសុំឱ្យចិន នាំចូលកសិផលកម្ពុជា ឆ្ពោះត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះ ដូចជា ផ្លែមៀនប៉ៃលិន ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ កម្ពុជាយើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិនដ៏ច្រើន, ហើយពេលនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជួយគ្នាលើកិច្ចសហប្រតិបត្តិការជាមួយពីមិត្តចិន។

ងាកទៅរកការនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សាររបស់ប្រទេសចិនទៀតសោត លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា, ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិន ឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា។

បច្ចុប្បន្ន ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ៦មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចូលដោយផ្ទាល់ទៅកាន់ប្រទេសចិន គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចេក និងផ្លែស្វាយស្រស់។

លោក វ៉ាង យី បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តាមតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា។ អំឡុងពេលមកដល់កម្ពុជា លោកប្រមុខការទូតចិន បានជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន និងជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ។

អំឡុងពេលទស្សនកិច្ចនេះ កម្ពុជា-ចិន បានរៀបចំពិធី ប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិនដល់កម្ពុជា, ចុះហត្ថលេខាលើឯកសារចំនួន ៦, ភាគីចិនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ជាង ២៧០លានដុល្លារ និងបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង ៣ លានដូស ថែមទៀត ជូនដល់រាជរដ្ឋាភិលកម្ពុជា ដើម្បីចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

ជាងនេះទៅទៀត ចិននឹងជួយនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន ដើម្បីប្រយោជន៍កសិករខ្មែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×