Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ ចេញបទបញ្ជាថ្មី ដល់និស្សិតស្រី មិនត្រូវសិក្សាជាមួយបុរស

រដ្ឋធានីកាប៊ូល៖ បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា បណ្ដាសាកលវិទ្យាល័យនានា នៅអាហ្វហ្គានីស្ថាន ត្រូវរបបតាលីបង់ ញ៉ែកដាក់ពីគ្នា រវាងភេទបុរស និង ស្រ្ដី ហើយសម្លៀកបំពាក់ សម្រាប់និស្សិត ក៏ត្រូវបានតាលីបង់កំណត់ជាថ្មី។

លោក Abdul Baqi Haqqani រដ្ឋមន្រ្ដីក្រសួងអប់រំតាលីបង់ បានឲ្យដឹងថា ស្រ្ដីគួរតែត្រូវទទួលបានការសិក្សា។ ប៉ុន្ដែសិស្ស ឬ និស្សិតស្រី ត្រូវញ៉ែកឲ្យដាច់ពីសិស្ស ឬនិស្សិតប្រុស។ ដោយឡែក មុខវិជ្ជាសិក្សា ក៏នឹងត្រូវត្រួតពិនិត្យឡើងវិញដែរ។

នៅក្នុងអំឡុងពេលគ្រប់គ្រងអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ តាលីបង់ បានហាមឃាត់ក្មេងស្រី និងនារី ចូលសិក្សា នៅតាមសាលា ឬសាកលវិទ្យាល័យនានា។ លើសពីនេះទៅទៀត តាលីបង់ មិនបានអនុញ្ញាតឲ្យស្រ្ដី ដើរចេញទៅណាឆ្ងាយពីផ្ទះ ដោយមិនមានសាច់ញាតិជាបុរសទៅជាមួយនោះឡើយ។ ប្រសិនបើស្រ្ដីណាម្នាក់ ល្មើសនឹងបម្រាមរបស់ពួកគេ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្ដែរបបដ៏ឃោរឃៅនេះ ត្រូវបានសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បណ្ដេញចេញពីអំណាច អស់រយៈពេល២០ឆ្នាំកន្លងមកហើយ ក្រោមការចោទប្រកាន់លាក់ទុកមេភេរវករអង្គការអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន ដែលជាមេគំនិតរៀបចំគម្រោងចាប់ជំរិតយន្ដហោះដឹកនអ្នកដំណើរ វាយប្រហារទៅលើអគារភ្លោះ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

ក្រោយពេលជាប់ផុងក្នុងសង្រ្គាម នៅអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំ ដោយចំណាយថវិកាជាតិ អស់រាប់លានលានដុល្លារ ទម្រាំសម្លាប់បានមេដឹកនាំអង្គការភេរវកម្ម អាល់កៃដា ទើបចុងក្រោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។ ការប្រកាសរបស់លោក ចូ បៃដិន បានផ្ដល់ឱកាសដល់តាលីបង់ ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតិអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានជ័យជម្នះភ្លាមៗ តាលីបង់ បានប្រកាសថា ពួកគេនឹងមិនហាមឃាត់ដល់ស្រ្ដី ក្នុងការចូលទៅសិក្សា និងស្វែងរកការងារធ្វើនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា តាលីបង់ នៅតែរារាំងដល់ស្រ្ដីអាហ្វហ្គានីស្ថានទាំងអស់ ចូលធ្វើការ នៅក្នុងវិស័យសុខាភិបាលសាធារណៈ៕រក្សាសិទ្ធិដោយ៖សារាយSN

×