ភ្នំពេញ ៖ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានសន្យាថា ចិននឹងជួយផ្តល់វ៉ាក់សាំងដល់កម្ពុជាចំនួន ៣លានដូសបន្ថែមទៀត ខណៈដែលកម្ពុជាបានទទួលវ៉ាក់សាំងចំនួន ២៦លាន ៨សែនដូសពីប្រទេសចិន ដែលក្នុងនោះមានជំនួយឧបត្ថម្ភចំនួន ៤លាន ៣សែនដូស ។ ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ទំនាក់ទំនង និងមិត្តភាពជិតស្និទ្ធរវាងមេដឹកនាំកំពូលនៃប្រទេសកម្ពុជា និងចិន គឺបានរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងសេដ្ឋកិច្ច សហប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងដំណាក់កាលថ្មី ក៏ដូចជារួមចំណែកនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមនៅក្នុងកសាងនូវសហគមន៍ជោគវាសនារួមដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា នៅក្នុងជំនួបទ្វេភាគីលោកបានជម្រាជូបឯកឧត្តមវ៉ាង យី កម្ពុជាមានសេចក្តីរីករាយដែលឃើញថា ប្រទេសចិនបានគ្រប់គ្រងដោយជោគជ័យនៅជំងឺរីករាលដាលកូវីដ១៩ ហើយក៏បានស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ចិនក៏បានបោះដៃជួយទៅប្រទេសនានានៅលើលោកដែលត្រូវការទាំងសំភារៈពេទ្យ និងវ៉ាក់សាំងសម្រាប់ជំនះនៅជំងឺកូវីដ១៩ ។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងចំនួន ២៦លាន ៨សែនដូសពីប្រទេសចិន ដែលក្នុងនោះមានជំនួយឧបត្ថម្ភ ៤លាន ៣សែនដូស ។ ឯកឧត្តមវ៉ាង យី ក៏បានសន្យាថា ចិននឹងជួយផ្តល់វ៉ាក់សាំងដល់កម្ពុជាចំនួន ៣លានដូសបន្ថែមទៀត ហើយគ្មានប្រទេសណាទេ ដែលលើលោកបានជួយប្រទេសកម្ពុជាដូចកាលដែលចិនជួយកម្ពុជានេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអរគុណចិនចំពោះការបន្តជួយឧបត្ថម្ភកម្ពុជានៅក្នុងការអភិវឌ្ឍន៍របស់ខ្លួនទតាមមាគ៌ាផ្ទាល់របស់ខ្លួន និងបានផ្តល់ជំនួយឧបត្ថម្ភខាងផ្នែកអភិវឌ្ឍនិងគ្រប់កាលៈទេសៈទាំងអស់។ ហើយការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យមិនអាចកាត់ផ្តាច់ចេញពីការគាំទ្រនិងជំនួយឧបត្ថម្ភបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




