Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគីចិន ស្នើឲ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន

ភ្នំពេញ ៖ ឯកឧត្តមវ៉ាង យី បានស្នើឲ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លើយថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបបំបាត់ Casino online នេះ តាំងពីឆ្នាំ២០២១ រួចហើយដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងទៅ ឯកឧត្តមវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ថា គួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជា យ៉ាងច្រើន។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានចេញសេចក្តីប្រកាសពីលទ្ធផលជំនួបសន្ទនា និងអាហារការងារពេលព្រឹក (Working Breakfast) រវាង ឯកឧត្តម និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលបានជួបទទួលទានអាហារការងារពេលព្រឹក ជាមួយប្រមុខការទូតចិននេះ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

សេចក្តីប្រកាសលទ្ធផលជំនួបសន្ទនា និងអាហារការងារពេលព្រឹក រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម វ៉ាង យី មានខ្លឹមសារទាំងស្រុដូចតទៅ៖

ក្នុងឱកាសទស្សកិច្ច របស់ ឯកឧត្តម វ៉ាង យី ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបចរចាអំពីទំនាក់ទំនងកម្ពុជា-ចិន ជាមួយសម្តេចតេជោ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានជួបសន្ទនា និងរៀបចំអាហារការងារពេលព្រឹក ជូនប្រមុខការទូតចិនរូបនេះ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន ៦១៥.៦១២តោន, ចេកបានចំនួន ២៧២.០២៣តោន និងស្វាយបានចំនួន ២១១តោន នាពេល ៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩ និងជួយដល់ពលករដែលត្រលប់មកពីប្រទេសថៃបានប្រកបការងារកសិកម្ម។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ។ល។

ពេលរំលឹកអំពីការអនុវត្តគម្រោងនានាជាបន្ទាន់ ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ មិថុនា ២០២០ បញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់ (To Do List) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ41 លេខ33 លេខ31 និងផ្លូវជាតិលេខ3 គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៉ីនធឺណេតនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកថា ផែនការសកម្មភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន (២០១៩-២០២៣) ដែកទាក់ទងគ្រប់ស្ថាប័នរួមទាំងគណបក្សប្រជាជនកម្ពុជា និងនីតិប្បញ្ញត្តិ។ល។ តើគួរប្រជុំថ្នាក់អគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួល អន្ដររដ្ឋាភិបាល ឬទេ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអនុវត្តន៍បន្ដ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកថា គួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើបញ្ចូលក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជា ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របរួចហើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាង យី បានឆ្លើយតបជាអាទិ៍ដូចតទៅ៖ ជំរុញការសាងសង់ផ្លូវជាតិលេខ ៧១C។ បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០គីឡូម៉ែត្រ។ យកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។ ស្នើឲ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លើយថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបបំបាត់ Casino online នេះ តាំងពីឆ្នាំ២០២១ រួចហើយដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×