យកដុំថ្មសំពងលើក្បាលខ្លួនឯងដើម្បីបន្លំថា ចោរប្លន់ នៅតែពុំអាចរំលងបានភ្នែករបស់ប៉ូលិស ចុងក្រោយក្បាលក៏បែកខ្លួនក៏ជាប់គុក។
នាយប់មួយមិនយូរប៉ុន្មាន លោក Chen នៅក្វាងចូវ បានទូរស័ព្ទទៅប្រាប់អ្នកផ្ទះ ប្រាប់ថាពេលលោកកំពុងតែធ្វើដំណើរតាមផ្លូវ ស្រាប់តែពួកចោរប្លន់ធ្វើការវាយលុកប្លន់យកលុយអស់ ២០ម៉ឺនយាន់ (ប្រមាណ ៣.០០០ដុល្លារ)។
លោក Chen បន្តបរិយាយថា វេលានោះខ្លួនកំពុងបើកម៉ូតូអគ្គិសនីតាមផ្លូវ ក៏ស្រាប់តែមានបុរសចម្លែកម្នាក់ បានយកថ្មមកសំពងចំក្បាល ។ រងការវាយប្រហារយ៉ាងនេះ ធ្វើឲ្យលោកសន្លប់ ហើយបុរសមុខចម្លែកបានយកលុយកាក់ទាំងអស់នៅក្នុងខ្លួន ។ ក្រោយពេលដឹងខ្លួនវិញ ទើបលោកទូរស័ព្ទប្រាប់គ្រួសារឲ្យដឹងរឿង ។ ប្រការដែលលោក Chen ស្មានពុំដល់នោះគឺអ្នកផ្ទះរបស់លោកបានរាយការណ៍ប្រាប់ប៉ូលិសភ្លាមៗ ។
តាម Chinanews ចុះផ្សាយឲ្យដឹងថា ពេលទទយលបានព័ត៌មានភ្លាមប៉ូលិសបានទៅដល់កន្លែងកើតហេតុ ហើយចាប់ផ្តើមបើកការស៊ើបអង្កេត ។ ប៉ូលិសស្មានពុំដល់ថា ក្នុងរឿងរ៉ាវនេះមានចំណុចសង្ស័យច្រើនជាអាទិ៍ កាមេរ៉ាសុវត្ថិភាពនៅទីកន្លែងកើតហេតុពុំឃើញមានផ្តិតជាប់រូបភាពមនុស្សមុខចម្លែកមានរាងរៅដូចលោក Chen ពណ៌នាប្រាប់ វេជ្ជបណ្ឌិតដែលត្រួតពិនិត្យរបួសឲ្យលោក Chen ក៏ពុំមានសញ្ញាអ្វីបង្ហាញថា បានដួលសន្លប់នោះទេ ។
ទន្ទឹមនោះ ជាមួយអាកប្បកិរិយាចម្លែក ចម្លើយមុននិងក្រោយពុំដូចគ្នារបស់បុរសនេះកាន់តែធ្វើឲ្យប៉ូលិសសង្ស័យឡើងៗ ។ បន្ទាប់ពីប្រើពេលអស់មួយយប់ តាមជំនាញរបស់ខ្លួនធ្វើឲ្យលោក Chen ទម្លាយចេញការពិតថា មុននេះគាត់បានជ្រុលដៃចាយអស់ប្រាក់ចំណូលមួយចំនួន ហើយពិតជាភ័យខ្លាចនឹងប្រតិកម្មរបស់ភរិយា ។ តាមពិតទៅនៅយប់នោះ ពេលវិលមកផ្ទះវិញដោយអារម្មណ៍មិននឹងនរលោកក៏ត្រូវដួលម៉ូតូ ពេលនោះក្បាលរបស់លោកបានប៉ះទៅលើថ្នល់ ហើយក៏គិតឃើញពីវិធីដើម្បីកុំឲ្យប្រពន្ធដឹងរឿង។ គិតភ្លាមលោកក៏ធ្វើភ្លែតដោយយកដុំថ្មមកវាយលើក្បាលខ្លួនបន្ថែម ហើយក៏បង្កើតជារឿងត្រូវចោរប្លន់ដូចរៀបរាប់ខាងលើ។
ប៉ូលិសបានឃុំខ្លួនលោក Chen មួយរយៈពេលខ្លី ទុកជាការព្រមានពីស្មារតីពុំសហការជាមួយសមត្ថកិច្ច ព្រមទាំងបង្កការខាតបង់ពេលវេលារបស់អាជ្ញាធរ ៕