ភ្នំពេញ ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានណែនាំឲ្យអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសរបស់ក្រសួង ការពារជាតិត្រូវបញ្ឈប់ការផ្តល់ប័ណ្ណ ខម ជាបណ្តោះអាសន្ន និង បណ្តាបញ្ជាការប្រភេទទ័ពទាំងអស់ គឺត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់លើគោលការណ៍រាជរដ្ឋាភិបាល ដែលបានដាក់ចេញអំពីការប្រមូលពន្ធនៅលើរថយន្តដែលនាំចូលមកមិនមានការបង់ពន្ធ និងពាក់ផ្លាកលេខ ខម និងរថយន្តចង្កូតស្តាំពាក់ផ្លាកលេខ ខម ក៏ដោយក៏ចូលរួមបង់ពន្ធ និងត្រូវអនុវត្តការកែចង្កូតទៅតាមការណនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។

ការណែនាំរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីវិធានការរបស់រាជរដ្ឋាភិបាល លើការប្រមូលពន្ធយានយន្តឯកជន ដែលជ្រកក្រោមស្លាកលេខខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) កាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា បណ្តាបញ្ជាការប្រភេទទ័ពទាំងអស់ គឺអនុវត្តឲ្យបានម៉ឺងម៉ាត់ជាទីបំផុតលើគោលការណ៍ រាជរដ្ឋាភិបាលដែលបានដាក់ចេញអំពីការប្រមូលពន្ធ នៅលើរថយន្តដែលនាំចូលមកមិនមានការបង់ពន្ធ និងពាក់ផ្លាកលេខ ខម និងរថយន្តចង្កូតស្តាំពាក់ផ្លាកលេខ ខម ក៏ដោយក៏ចូលរួមបង់ពន្ធ និងត្រូវអនុវត្តការកែចង្កូតទៅតាមការណនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍បន្តថា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសរបស់ក្រសួងការពារជាតិ ដែលបានចេញអនុញ្ញាតទៅលើប័ណ្ណ ខម សុំឲ្យបញ្ឈប់ការផ្តល់ប័ណ្ណ ខម ជាបន្តទៀត បើកាលណានៅតែចេញទៀតវានឹងប៉ះពាល់ ប៉ុន្តែការចេញប័ណ្ណ ខម បានលុះត្រាតែរថយន្តនោះមានពន្ធនាំចូល បង់ពន្ធផ្លូវ ។ ហើយផ្អាកការចេញប័ណ្ណ ខម ដល់រថយន្តឯកជនណាដែលពាក់ផ្លាកលេខ ខម ដែលមិនមានពន្ធនាំចូល និងពន្ធផ្លូវ។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបា នមានប្រសាន៍បន្តទៀតថា ការអប់រំណែនាំសតិអារម្មណ៍ជូនទៅដល់កងឯកភាពទាំងអស់ រហូតទៅដល់អ្នកប្រើប្រាស់រថយន្តផ្លាកលេខ ខម ត្រូវតែបានចូលរួម ហើយត្រូវតែបានការអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ ហើយអង្គប្រជុំបានសម្រេចឯកភាពគ្នាទៅលើខ្លឹមសារទាំងអស់នេះសម្រាប់អនុវត្តបន្ត។
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចផ្អាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


