Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសភាពាណិជ្ជកម្ម ចូលរួមវេទិកាបូអាវសម្រាប់អាស៊ីស្តីអំពីការភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខ

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងវេទិកាបូអាវសម្រាប់អាស៊ី៖ «សិក្ខាសាលាតាមអនឡាញកម្រិតខ្ពស់ ស្តីអំពីការភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខ» នៅថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ ២០២១នេះ។ វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ មិនស្វែងរកប្រាក់ចំណេញ ដែលមានកាលបរិច្ឆេទរៀបចំសន្និសីទច្បាស់លាស់ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដើម្បីសម្រេចបាននូវស្ថិរភាព និងការងើបឡើងនៃសេដ្ឋកិច្ច និងសង្គម ពីផលប៉ះពាល់នៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ បណ្តាប្រទេសនានា គួរតែពន្លឿន និងពង្រឹងសាមគ្គីភាព ដើម្បីកាត់បន្ថយហានិភ័យ និងទទួលបានឱកាសអភិវឌ្ឍន៍ន្ថែមទៀតតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគី ក្នុងចំណោមតំបន់ និងការជំរុញប្រព័ន្ធសេដ្ឋកិច្ចបើកចំហថ្មីនៅកម្រិតខ្ពស់។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ពិភពលោកកំពុងប្រឈមមុខនឹងការលំបាក និងវិបត្តិធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺកូវីដ១៩។ ស្ថានភាពជំងឺរាតត្បាតសកលបានកើតឡើងម្តងហើយម្តងទៀត និងនាំឱ្យមានវិបត្តិសេដ្ឋកិច្ចនិងភាពមិនច្បាស់លាស់។ ការបំប្លែងថ្មីនៃកូវីដ-១៩ បានបន្តរំខានដល់ប្រព័ន្ធសុខាភិបាល និងសង្វាក់ផ្គត់ផ្គង់សកល ដែលធ្វើឱ្យពិភពលោកជួបហានិភ័យ។

ទោះជាយ៉ាងណាអ្នកឧកញ៉ា មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចអាស៊ីនឹងក្លាយជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក ដោយសារសក្តានុពលពេញលេញតំបន់នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព និងរួមបញ្ចូលនៅក្នុងសម័យក្រោយកូវីដ-១៩ ខណៈតំបន់នេះបានឆ្លងកាត់ការកែទម្រង់រចនាសម្ព័ន្ធ និងរក្សាកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ហើយថា ប្រទេសខ្លះថែមទាំងអាចគ្រប់គ្រងកំណើនសេដ្ឋកិច្ច ក្នុងអត្រាវិជ្ជមាននៅឆ្នាំ ២០២០។ កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសកាន់តែជិតស្និទ្ធ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកគំនិតផ្តួចផ្តើម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិន បាននាំមកនូវសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ ដើម្បីរួមចំណែកដល់ដំណើរការស្តារឡើងវិញ ហើយនៅតែជាកម្លាំងជំរុញក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីភាពរុងរឿងរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាងនេះទៅទៀតនៅក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីកិច្ចសហប្រតិតបត្តិការរវាង កម្ពុជា និងចិន គឺជាប្រទេសមិត្តភាពគួរឱ្យទុកចិត្តដែលមានទំនាក់ទំនងជាប្រពៃណីយូរអង្វែង ដែលត្រូវបានបង្កើត និងថែរក្សារួមគ្នា ដោយលោកប្រធាន ម៉ៅ សេទុង និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ហើយទំនាក់ទំនងនេះ ត្រូវបានថែរក្សាពូនជ្រុំ និងពង្រឹងដោយថ្នាក់ដឹកនាំបច្ចុប្បន្ននៃប្រទេសទាំងពីរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការវិនិយោគសេដ្ឋកិច្ច និងពាណិជ្ជកម្មបានបន្តកើនឡើងជាលំដាប់។ ចំណែកពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចដល់ ៩,៥៦ពាន់លានដុល្លារ នៅឆ្នាំ ២០២០។

សូមជម្រាបថា កិច្ចប្រជុំជាមួយបណ្តាប្រទេសសមាជិកនៃវេទិកាបូអាវសម្រាប់អាស៊ីនៅថ្ងៃនេះ បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះរួមមាន សន្តិសុខអាកាសធាតុ, សន្តិសុខ និងសុវត្ថិភាពម្ហូបអាហារ, សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុ, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, សន្តិសុខសង្វាក់ផ្គត់ផ្គង់, សន្តិសុខការងារ, សន្តិសុខវប្បធម៌, ជីវសាស្ត្រ, សុខភាពសាធារណៈ, សុវត្ថិភាពទិន្នន័យ និងការការពារឯកជនភាព, ជំនួយសង្គ្រោះ, គ្រោះមហន្តរាយ, ការការពារនិងការកសាងឡើងវិញនូវសន្តិសុខនុយក្លេអ៊ែ និងសន្តិសុខសមុទ្រ ដែលបញ្ហាទាំងនេះ នឹងត្រូវបានស្វែងយល់យ៉ាងហ្មត់ចត់ ក្នុងអំឡុងពេលសន្និសីទលើកទី១ រយៈពេល ៣ថ្ងៃ របស់ GEDS នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៨-២០ ខែតុលា នៅទីក្រុងចាងសា ខេត្តហ៊ូណាន ប្រទេសចិន៕ 

×