បច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ ឬភាសាទូទៅហៅថា អ្នកឌេឡេវើរី ជាពិសេសអ្នកដឹកជាយុវជនៗមួយចំនួន គឺបើកបរពុំត្រឹមតែគ្មានសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ គឺបើកលឿនៗណាស់ ដោយពុំគិតពីហានិភ័យគ្រោះថ្នាក់ដល់ខ្លួនឯង ឬ អាចប៉ះពាល់ដល់អ្នកដំណើរដទៃឡើយ។ ហើយពិតណាស់ អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញក៏តែងតែជួបគ្រោះថ្នាក់ជារឿយៗ បើមិនបុកគ្នាឯងក៏បុកជាមួយអ្នកជិះដទៃដែរ។
ជាក់ស្តែង អ្នកអ្នកដឹកឥវ៉ាន់អនឡាញ និងអ្នកដឹកឥវ៉ាន់អនឡាញដូចគ្នា ដោយសារតែបើកម៉ូតូក្នុងស្ថានភាពលឿនដូចគ្នា គឺបានព្រលះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើនេះ ត្រូវបានដឹងថា បានកើតឡើងនៅចំណុចផ្លូវមួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន ជាពិសេសអ្នកធ្លាប់សឹងតែរងគ្រោះថ្នាក់ដោយសារក្រុមស្ទាវៗដឹកជញ្ជូនឥវ៉ាន់មួយចំនួន ស្រាប់តែបានដាក់ឡើងបែបៗនេះថា៖ «សមមុខហើយ ថ្ងៃមុនខ្ញុំប៊ិះគ្រោះថ្នាក់សារពួកគាត់ ភាគច្រើនពួកគាត់ជិះមិនមានសណ្ដាប់ធ្នាប់ទេ (មិនមែនទាំងអស់ទេ), សំណាងបុកគ្នាឯងមិនបានប៉ះពាល់ដល់អ្នកដទៃ ព្រោះអ្នកដឹងជញ្ជូនមួយចំនួនគាត់ជិះល្បឿនៗ ហើយចុចតែទូរស័ព្ទគាត់សំដែងប្ញទ្ធិគិតថាមួយផ្លូវមានតែគាត់ ប៉ុន្មានថ្ងៃមុនជិតគ្រោះថ្នាក់ដោយសារពួកគាត់មួយចំនួនហ្នឹងឯង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



