ភ្នំពេញ : លោកអភិបាលខណ្ឌច្បារអំពៅ បានដាក់បញ្ជារដល់មន្ត្រីក្រោមឱវាទ ពិសេសកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ ធ្វើយ៉ាងណាត្រូវមានវិធានការតឹងរឹងបំផុត លើក្រុមអ្នករត់តាក់ស៊ីតាមបណ្តោយផ្លូវជាតិលេខ១ ដែលកំពុងបង្កភាពអាណាធិបតេយ្យ រត់ចាប់ម៉ូយប្រសាចពាសពេញដងផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ពិសេសចំណុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ។
ការថ្លែងរបស់លោកចេង ម៉ុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ មេប៉ុស្តិ៍ និងចៅសង្កាត់ទាំង៨ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ ។
ក្នុងនោះលោកចេង មុនីរ៉ា បានដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌ ធ្វើយ៉ាងណាត្រូវដាក់កម្លាំងរបស់ខ្លួនប្រចាំការនៅតំបន់គល់ស្ពានព្រះមុន្នីវង្ស ពិសេសតំបន់ពាក់ព័ន្ធ អោយបានជាប្រចាំជាកំហិត ប្រសិនបើកើតមានបាតុភាពរត់ចាំម៉ូយយ៉ាងអាណាធិបតេយ្យបន្តទៀត នគរបាលត្រូវឃាត់ខ្លួនបុគ្គលនោះជាបន្ទាន់ យកមកអធិការដ្ឋាន ដោយអោយគាត់សម្រាកនៅទីនោះ១ថ្ងៃពេញចាប់ពីពេលឃាត់ខ្លួមរហូតដល់យប់ សឹមអនុញ្ញាត្តិអោយគាត់ត្រឡប់ទៅលំនៅឋានវិញ ។ ក្នុងករណីដែល ជនរូបនោះមានការប្រើប្រាស់ហិង្សាមកលើកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី នគរបាលត្រូវឃាត់ខ្លួនជនរូបនោះ ហើយរាយការណ៍មកកាន់ថ្នាក់លើ ដើម្បីសុំគោលការណ៍បន្ត ថាតើត្រូវអនុវត្តតាមនីតិវិធីច្បាប់លើបុគ្គលរូបនោះ ឬយ៉ាងណា ?
លោកអភិបាលខណ្ឌ បន្ថែមអោយដឹងថា កាលពីពេលកន្លងមក កម្លាំងអាជ្ញាធរខណ្ឌ តែងបានដាក់កម្លាំងសណ្តាប់ធ្នាប់ សម្រាប់ហាមឃាត់ក្រុមអ្នករត់តាក់ស៊ីកុំអោយមានការចត ពិសេសការរត់ចាប់ម៉ូយ តាមបណ្តោយផ្លូវជាតិលេខ១ រហូតឈានដល់ការឃាត់រថយន្តយកមករក្សាទុកនៅសាលាខណ្ឌថែមទៀតផង ប៉ុន្តែបាតុភាពទាំងនោះនៅតែបន្តកើតមាន ព្រោះតែអាជ្ញាធរមានវិធានការមានការយោគយល់ច្រើនជាមួយប្អូនជាអ្នករត់តាក់ស៊ី តែពេលនេះគឺមិនបណ្តែតបណ្តោយទៀតឡើយ ព្រោះតែបងប្អូនជាអ្នករត់តាក់ស៊ីមិនមានការយោគយល់មកលើ អាជ្ញាធរសាធារណះវិញសោះ ។
ក្នុងនាមជាអ្នកដឹកនាំខណ្ឌ ក៏ដូចជា ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកអភិបាល ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះបងប្អូនពលរដ្ឋដែលមានគំនិតចេះរកស៊ីដោយខ្លួនឯង ពិសេសរបរដែលសុច្ចរិតទៀងត្រង់ មិនបៀតបៀនដល់អ្នកដទៃ ប៉ុន្តែទន្ទឹមនឹងនោះ សុំអោយរបររកស៊ីរបស់បងប្អូន ជារបរដែលមិនប៉ះពាល់ពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណះ ពិសេសការធ្វើអ្វីមួយដែលមិនប៉ះពាល់ ភាពអាណាធិតេយ្យដល់សង្គមជាតិទាំងមូល ៕ ដោយ៖ជាលី