Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ ៖ សមិទ្ធផលបំប្លែងទឹកកខ្វក់មកជាទឹកស្អាត មិនមានជាតិពុល អាចយកទឹកដែលបំប្លែងហើយ មកធ្វើការចិញ្ចឹមត្រីបាន

ខេត្តព្រះសីហនុ ៖ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានថ្លែងថា រោងចក្រផលិតទឹកកខ្វក់ ក្រោយពីប្រព្រឹត្តកម្មរួចរាល់ មានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីទីក្រុងរបស់យើងឱ្យមានភាពស្អាត និងបៃតង។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងអាងប្រព្រឹត្តកម្មទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

តាមបទបង្ហាញ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ដើម្បីការពារបរិស្ថាន និងធនធានធម្ម ជាតិដែលរស់នៅក្នុងសមុទ្រ ។ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នេះប្រើប្រាស់បច្ចេកវិទ្យានុវានុវត្តតាមអ៊ីស្រាអែលដែលហៅ ថា Membrane Aerted Biofilm (MABR) បន្ថែមលើប្រព័ន្ធប្រព្រិត្តកម្មបឋម និងប្រព្រឹត្តកម្មចុងក្រោយ ប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងអគាររស់នៅត្រូវបានប្រមូល និងបញ្ជូនទៅអាងចម្រោះបឋម តាមរយៈបណ្ដាញបំពង់ដែកកាបោនសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាង ឬស្មើនឹង ២០មីលីម៉ែត្រ ទឹកកខ្វក់ត្រូវបានបូមឡើងចូលទៅអាង Middle Screen ដែលអាចច្រោះសំរាម ឬភាគល្អិត ដែលមានទំហំធំជាង ឬស្មើ ៦មីលី្លម៉ែត្រ ហើយបន្តហូរចូល Fine Screen ដែលអាចច្រោះភាគល្អិតទំហំធំជាង ឬស្មើ ១មីលី្លម៉ែត្រក្នុងដំណាក់កាអាងចម្រោះ បឋមនេះភាគល្អិត និងសមាសធាតុអសរីរាង្គដែលមានទំហំធំជាង ឫស្មើ ១មីលី្លម៉ែត្រត្រូវបានដកចេញ។ ទឹកកខ្វក់នេះ បានបន្តហូរចូលអាងប្រព្រឹត្តកម្ម MABR ដែលមានប្រសិទ្ធភាព ក្នុងការដកចេញនូវសមាសធាតុសិរីរាង្គ ឬសារធាតុចិញ្ចឹម រួមមានអាសូត និងផូស្វ័រ ។ បច្ចេកទេសពិសេសរបស់ MABR គឺការបញ្ចូលខ្យល់អសកម្មតាមបន្ទះភ្នាស Biofilm MABR អនុញ្ញាតឱ្យមានប្រព្រឹត្តកម្មជាមួយនឹងបណ្ដុំពពួកមេរោគ ដែលតោងភ្ជាប់ខ្លួននឹងបន្ទះភ្នាស Biofilm ប្រកបដោយប្រសិទ្ធភាពដូចនេះបច្ចេកវិទ្យា MABR ត្រូវបានទទួលស្គាល់ជាបច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ។

យោងតាមបទពិសោធនៃដំណើរការរបស់ MABR, A20 និង MBR បានបញ្ជាក់ឱ្យឃើញថា ដំណើរការនៃបច្ចេកវិទ្យា MABR អាចសន្សំបានប្រមាណជា ១៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ ធៀបនិងដំណើរការរបស់ A20 និង ៦២ម៉ឺនដុល្លារក្នុងមួយឆ្នាំ ធៀបនឹងដំណើរការ MBR ដំណាក់កាលប្រព្រឹត្តកម្មចុងក្រោយ គឺបណ្តក់សារធាតុគីមី PAC និង PAM ដើម្បីបណ្ដុំកករ និងសម្លាប់មេរោគដោយប្រព័ន្ធ UV ។ លទ្ធផលទឹកប្រព្រឹត្តកម្មដោយ MABR មានប្រសិទ្ធភាពខ្ពស់ ប្រសើរជាងស្តង់ដារនៃការបង្ហូរទឹកចូលសមុទ្រដូចប្រទេសអាមេរិក ជប៉ុន និងអឺរ៉ុប ។ ដូច្នេះលទ្ធផលទឹកប្រព្រឹត្តកម្មរួច អាចបង្ហូរចូលសមុទ្រដោយសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន និងជីវចម្រុះ ។ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់បានបំពាក់ដោយឧបករណ៍ស្តង់ដាររបស់អឺរ៉ុប អាមេរិក និងជប៉ុន ហើយបំពាក់ដោយប្រព័ន្ធស្កាដា និងបញ្ជាដោយប្រព័ន្ធស្វ័យ ប្រវត្តិ PLC ដែលមានភាពងាយស្រួលក្នុងការដាក់ឱ្យដំណើរការ និងការថែទាំ។ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ទំនើបជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចុះមកពិនិត្យរោងចក្រផលិតទឹកកខ្វក់នាពេលនេះបង្ហាញថា ទឹកកខ្វក់ក្រោយពីប្រព្រឹត្តកម្មរួចរាល់វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីទីក្រុងរបស់យើងឱ្យមានភាពស្អាត និងបៃតង។ រដ្ឋបាលខេត្តនឹងគ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយបន្ថែមទៀតនៅក្នុងសង្កាត់ លេខ៤ វាអាចផលិតទឹកកខ្វក់បានជាង ២ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ។

ឯកឧត្តម អភិបាលខេត្តបន្តថា ក្រុមហ៊ុនបានបង្ហាញអំពីសមិទ្ធផលបំប្លែងទឹកកខ្វក់មកជាទឹកស្អាត មិនមានជាតិពុល យើងអាចយកទឹកដែលបំប្លែងហើយនេះ មកធ្វើការចិញ្ចឹមត្រីបាន ទន្ទឹមនេះយើងចង់បានទឹកស្អាតបែបនេះ មុននឹងបង្ហូរចូលសមុទ្រ ដែលវាមិនប៉ះពាល់ដល់បរិស្ថាន និងជីវបាតសមុទ្ររបស់យើង។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មាន អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ០២ បានដាក់ឱ្យដំណើរការ និងគ្រោងបើកការដ្ឋានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅក្នុងសង្កាត់លេខ៤ នាពេលខាងមុខ និងបន្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ជាបន្តទៀតក្នុងក្រុងព្រះសីហនុ ៕ រក្សាសិទ្ធិដោយ៖CEN

×