Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ដ្រាលី បង្កើតកិច្ចព្រមព្រៀងថ្មី ប្រឆាំងនឹងអំណាចចិន

spot_img

ទីក្រុងឡុងដ៍ ៖ ស្របពេលឥទ្ធិពលចិន កំពុងតែបង្កើនឡើងយ៉ាងខ្លាំង ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក ហើយចិនមានមហិច្ឆតា កាន់កាប់ដែនទឹកភាគច្រើន នៅសមុទ្រចិនខាងត្បូង ធ្វើឲ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភយ៉ាងខ្លាំង នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និង ឥទ្ធិពលរបស់ពួកគេ ទើបមេដឹកនាំ នៃប្រទេសទាំងនេះ បានប្រកាសកិច្ចព្រមព្រៀងយ៉ាងពិសេសមួយ ស្ដីពីសន្ដិសុខ ដើម្បីចែករំលែក អំពីបច្ចេកវិទ្យាការពារជាតិ ប្រឆាំងនឹងប្រទេសចិន។

សារព័ត៌មានរបស់អូស្រ្ដាលី 9 News បានផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្ដាលី បានប្រកាសពីកិច្ចព្រមព្រៀងពិសេសមួយ ស្ដីពីសន្ដិសុខ ដើម្បីចែករំលែកពីបច្ចេកវិទ្យាលើវិស័យការពារជាតិដ៏ទំនើបបំផុត សម្រាប់ប្រឈមមុខនឹងប្រទេសចិន។ បើតាមកិច្ចព្រមព្រៀង ដែលមាន ឈ្មោះ Aukus នេះ គឺ សហរដ្ឋអាមេរិក និងចក្រអង់គ្លេស នឹងជួយដល់ប្រទេសអូស្រ្ដាលី ផលិតនាវាមុជទឹកជាច្រើនគ្រឿង ដើរដោយថាមពលនុយក្លេអ៊ែរ ជាលើកដំបូង សម្រាប់កងទ័ពជើងទឹករបស់ប្រទេស។ កិច្ចព្រមព្រៀម Aukus នេះ នឹងគ្របដណ្ដប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ដ បច្ចេកវិទ្យា Quantum និង អ៊ីនធើរណេតផងដែរ។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បច្ចុប្បន្ន កំពុងតែព្រួយបារម្ភ អំពីការកើនឡើងអំណាច និង វត្ដមានយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បើតាមកិច្ចព្រមព្រៀងនេះ ធ្វើឲ្យអូស្រ្ដាលី លុបចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹក ដែលរចនា (ឌីហ្សាញ) ដោយបារាំង។

បារាំង កាលពីឆ្នាំ២០១៦ បានឈ្នះការដេញថ្លៃ លើកិច្ចព្រមព្រៀងមួយ មានទឹកប្រាក់ រហូដល់ទៅ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផលិតនាវាមុជទឹក ចំនួន១២គ្រឿង សម្រាប់កងទ័ពជើងទឹករបស់អូស្រ្ដាលី។ នេះជាកិច្ចព្រមព្រៀងលើវិស័យការពារជាតិដ៏ធំបំផុតរបស់អូស្រ្ដាលី។ ទោះយ៉ាងណាក៏ដោយ គម្រោងនេះត្រូវបានរងផលប៉ះពាល់ ដោយសារការពន្យារពេល ហើយភាគច្រើន ដោយសារតែតម្រូវការរបស់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បូរីស ចនសុន ( Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង លោក ស្កត់ត៍ ម៉ូររីសសុន (Scott Morrison) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ស្ដីកិច្ចព្រមព្រៀតដៃគូសន្ដិសុខថ្មី ដែលឲ្យឈ្មោះ Aukus នេះ។

លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានថ្លែងថា «ប្រជាជាតិទាំង២នេះ ជាសម្ពន្ធមិត្តដើម ហើយសម្ពន្ធមិត្តនេះនឹងកាន់តែធ្វើឲ្យយើងកាន់តែជិតស្និទ្ធជាងមុនបន្ថែមទៀត។ ដៃគូទាំងនេះ នឹងមានសារសំខាន់កាន់តែខ្លាំងឡើង ដើម្បីការពារផលប្រយោជន៍ និង ប្រជាពលរដ្ឋរបស់យើង»។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា «តាមគំនិតផ្តួចផ្តើមដំបូង ក្រោមការកិច្ចព្រមព្រៀង Aukus …យើងប្តេជ្ញាចិត្ត ក្នុងមហិច្ឆតារួមគ្នា ដើម្បីគាំទ្រដល់ប្រទេសអូស្ត្រាលី ក្នុងការទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់កងនាវាចរភូមិន្ទអូស្ត្រាលី។ សមត្ថភាព នៃកិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ដល់ស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ( Indo-Pacific) ហើយនឹងពង្រីកនូវការគាំទ្រដល់តម្លៃ និងផលប្រយោជន៍រួមគ្នារបស់យើងផងដែរ»។

មេដឹកនាំប្រទេសមហាអំណាចលោកខាងលិច បានបញ្ជាក់ថា «គោលបំណងនេះ ដើម្បីនាំយកសមត្ថភាពអូស្រ្តាលី ឲ្យកាន់តែខ្លាំងក្លាលើវិស័យយោធាមុនគេ ប៉ុន្ដែអូស្ត្រាលី នៅតែប្តេជ្ញាចិត្ត បំពេញកាតព្វកិច្ចទាំងអស់ នៅក្នុងនាមជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ»។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា សមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ គឺជាង៨០ភាគរយ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន។ ជាមួយនឹងការអះអាងបែបនេះ ចិនតែងតែបង្កើនវត្ដមានកងទ័ព នៅក្នុងសមុទ្រចិនខាងត្បូង បង្កឲ្យមានជម្លោះជាមួយនឹងប្រទេសវៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់។ ជាការប្រឆាំងនឹងការអះអាងរបស់ចិននោះ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត តែងតែបញ្ជូននាវាផ្ទុកយន្ដហោះ អមដោយនាវាពិឃាដ និងនាវាប្រយុទ្ធជាច្រើនគ្រឿង ចូលមកល្បាត នៅក្នុងដែនទឹកមានជម្លោះនោះ ក្រោមហេតុផលថា ជាសេរីភាព នៃការធ្វើនាវាចរណ៍ ស្របតាមច្បាប់អន្ដរជាតិ។

ជាមួយគ្នានេះ អង់គ្លេសក៏បានបញ្ជូននាវាផ្ទុកយន្ដហោះ HMS Queen Elizabeth កាលពីប៉ុន្មានសប្ដាហ៍មុននេះ បានមកដាក់ពង្រាយ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សកម្មភាពយោធារបស់មហាអំណាចលោកខាងលិច ប្រឆាំងនឹងការវាតទីរបស់ចិននេះ នឹងធ្វើឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាន់តែឡើងកម្ដៅ៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×