ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២៧ ខែមេសានេះបានថ្លែងសារលើផេក facebook ផ្លូវការយ៉ាងដូច្នេះថា ប្រសិនពុំមានការផ្លាស់ប្តូរទេ នៅយប់ថ្ងៃ២៩មេសាខាងមុខនេះ ព្រះមហាក្សត្រប្រុយណេព្រះអង្គនឹងយាងមកដល់កម្ពុជា ដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។
បើតាមលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សម្តេចបានបន្តថា ករណីបែបនេះមិនចម្លែកទេ រវាងព្រះអង្គជាមួយសម្តេច ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេច ទៅប្រុយណេ ព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលសម្តេច នៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។
សម្តេចបានបញ្ជាក់ទៀតថា គោលបំណងទស្សនកិច្ចរបស់ព្រះអង្គ គឺមកស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេច ដែលព្រះអង្គរាប់អានសម្តេច ដូចប្អូនពៅ។(បងប្អូន៣នាក់ គឺព្រះជាបងទី១ ឯកឧត្តមថាក់ សុីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។
សម្តេចបានថ្លែងបន្តយ៉ាងដូច្នេះថា÷”ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសា
ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះ ដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







