Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ នឹងអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។

ជាមួយនឹងការប្រកាសបើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវយកទៅចាក់វ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រើសម្រាប់ចាក់ជូនកុមារអាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន។

សម្តេចតេជោ បានគូសបញ្ជាក់ក្នុងសារសំឡេងនោះថា កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ មានចំនួនប្រមាណ ១លាន ៨០ម៉ឺននាក់។ បើតាមសម្តេចតេជោ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងសារសំឡេងនោះយ៉ាងដូច្នេះ «ដើម្បីឱ្យកុមារត្រូវចូលរៀនបឋមសិក្សាអាចនឹងចូលរៀនបឋមសិក្សាបាន ដោយគ្មានការភ័យខ្លាចព្រោះពួកគេបានទទួលវ៉ាក់សាំង។ បើមិនដូច្នោះទេយើងនៅចន្លោះក្នុងរង្វង់ពី ៦ ទៅ ១២ឆ្នាំ ដែលមុននេះយើងតម្រូវសម្រាប់អនុវិទ្យាសល័យ តែយើងធ្វើតាមជំហាន ហើយជំហានបន្តទៀតយើងក៏កំពុងគិតសម្រាប់ក្មេងនៅមត្តេយ្យក្នុងរង្វង់អាយុ ៣ទៅ៦ឆ្នាំវិញ ដែលនោះចាត់ទុកជាជំហានបន្ទាប់មួយទៀត»។

បន្ថែមពីលើសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមនៅលើទំព័រហ្វេសប៊ុកថា អនាគតរបស់ទាំងជីវិត ទាំងសុខភាព និងការសិក្សារបស់ពួកគេ គឺជាកិច្ចការសំខាន់ជាងគេដែលត្រូវធ្វើ ហើយការសម្រេចចាក់វ៉ាក់សាំងជូនកុមារ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្ររបស់ពួកគេ។ល។

ទន្ទឹមនឹងការបើកយុទ្ធនាការផ្តល់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងធ្វើសន្និសីទព័ត៌មានបង្ហាញពីស្ថានភាពសង្គម និងការងារប្រយុទ្ធប្រឆាំងនឹងសង្គ្រាមកូវីដ១៩នេះផងដែរ៕រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

×