ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំប្រតិភូកងពល ទៅទទួលអំណោយដ៏ថ្លៃថ្លាពីលោកឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកពិសារ អេរ៉ូទិច នៅឯនៅក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ស្ថិតនៅសង្កាត់ គោកឃ្លាង ខ័ណ្ឌសែន សុខ រាជធានីភ្នំពេញ។
អំណោយឧបត្ថម្ភទាំងនោះរួមមាន៖ ទឹកបរិសុទ្ធអេរ៉ូទិច ចំនួន ១០០ កេស, ម៉ាស់ N94+N95 ចំនួន ២,០០០, នំបន្លែចំនួន ១០កេស, មីកំប៉ុងចំនួន ៥ កេសធំ, អាល់កុលចំនួន ១៥០លីត្រ និងអំពូលសូឡា ចំនួន ១០ដើម។
ជួសមុខឲ្យកងពលតូចដឹកជញ្ជូនលេខ៩០ ទាំងអស់ ឧត្តមសេនីយ៍ទោ ឈរ សុខ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ្ញា ទៀង ថៃ អគ្គនាយកក្រុមហ៊ុនទឺកបរិសុទ្ធអេរ៉ូទិច និងលោកជំទាវ វណ្ណ លុយ ដែលតែងតែឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក សម្រាប់ក្នុងប្រតិបត្តិការសង្គ្រោះផ្សេងៗ។ ជាពិសេស ដំណោយសម្រាប់ពេលនេះ គឺពិតជាត្រូវចំតម្រូវការរបស់កងទ័ព និងប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងប្រឈមជាមួយជម្ងឺរាតត្បាតកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ។
ជាមួយគ្នានេះផងដែរ លោកឧកញ្ញា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់កងទ័ព ដែលជានិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌ និងក៏ដូចជាការងារជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ក្នុងឧបទ្ទវហេតុ និងគ្រោះធម្មជាតិផ្សេងៗជាប់ជាប្រចាំ៕ រក្សាសិទ្ធិដោយ៖ CEN