Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោអះអាងថា ដើម្បីតាមដានក្រុមក្បត់ជាតិ មានផែនការប្រជុំក្បត់ជាតិ សម្តេចចូលស្តាប់ Zoom ក្រុមប្រឆាំង ប្រហែលជាង ២០ដង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីតាមដានក្រុមក្បត់ជាតិ ព្រោះពួកគេមានផែនការប្រជុំរៀបគម្រោងក្បត់ជាតិ សម្តេចបានចូលស្តាប់ Zoom ក្រុមប្រឆាំងប្រជុំប្រហែលជាង ២០ដងហើយ ដោយមនុស្សរបស់សម្តេចបានថតឃ្លីបទុកជាង ៥០ផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រជុំរបស់ពួកប្រឆាំង នៅកន្លែងណាក៏មានមនុស្សរបស់សម្តេចបញ្ជូនតំណរភ្ជាប់ (Link) និងលេខសម្ងាត់ (Code) មកឱ្យសម្តេចដែរ។ ការចូល Zoom នេះ មិនមែនជាការរំលោភសិទ្ធិឯកជននោះទេ ប៉ុន្តែដោយសារពួកប្រឆាំង កំពុងតែពិភាក្សាអំពីការពង្រឹងកងកម្លាំង ដែលជាអំពើក្បត់ជាតិ។ ការចូលរបស់សម្តេចគឺមាន Link និង Code ត្រឹមត្រូវ ពោលគឺមិនមែនជាការ Hack នោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំមិនមែនស្តាប់អា Zoom ហ្នឹង លើកទី១ទេ បើគិតទៅ មិនតិចជាង ២០ដងទេ ដែលខ្ញុំស្តាប់អា Zoom ហ្នឹង គេនិយាយក្នុងហ្នឹង។ ហើយប្រហែលជាមាន លើសពី ៦០ខ្លីប ដែលគេបញ្ជូនមកឲ្យខ្ញុំ។ ប្រជុំចប់ភ្លាម បញ្ជូនមកខ្ញុំភ្លាម»។ «តើចង់ឱ្យសម្តេចបញ្ចេញវីដេអូ ប្រជុំរបស់អ្នកឯងដែលនិយាយអំពីការរៀបចំកងកម្លាំង ឬយ៉ាងណា»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា វត្តមានរបស់សម្តេច នៅក្នុងកិច្ចប្រជុំតាម Zoom របស់ក្រុមប្រឆាំងដែលដឹកនាំដោយ លោក ឡុង រី គឺជាការបង្ហាញប្រាប់ក្រុមនេះថា សម្តេចនៅរស់ទេ មិនមែនស្លា.ប់ដូចការបំភ្លៃរបស់ពួកគេឡើយ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗទៅក្រុមឧទ្ទាមថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចរចាឲ្យនោះទេ សូមកុំយល់ខុសឲ្យសោះ ប៉ុន្តែគឺជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។

សម្តេចតេជោ ហ៊ុន សែន ៖ “តាមចាប់ពួកក្បត់ជាតិ ត្រូវចូលដល់កន្លែងពួកក្បត់ជាតិ ទើបចាប់បាន។ យល់ទេ? ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិ វាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។

ពេលនេះ គ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចរចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់ពន្ធនាគារ ២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។

សម្រាប់ដំណើការនយោបាយ យើងបាននិងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។

សូមកុំយល់ខុសថា! ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថាជាការផ្តល់សញ្ញា សម្រាប់ការចរចាឱ្យសោះ តែការចូលទៅនោះ ចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ។

សូមប្រុងប្រយត្ឋ័ និងកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ។

និងសូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយហើយនឹងរស់ឡើងវិញ ហើយ ហ៊ុន សែន នឹងលើកលែងទោសឱ្យ ហើយហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយ ដោយ ហ៊ុន សែន ខ្លាចអន្តរជាតិ ។ល។

សង្ឃឹមថាការបកស្រាយនេះ នឹងធ្វើឱ្យអ្នកវិភាគល្ងង់ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាច បានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom”។

នេះជាសារឆ្លើយតបរបស់ សម្តេចតេជោ ហ៊ុន សែន ទៅនឹងមតិរបស់អ្នកលេងហ្វេសប៊ុកម្នាក់ពាក់ព័ន្ធនឹងការដែលសម្តេចតេជោ បានចូល Zoom ក្នុងកម្មវិធីរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×