ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំថា អង្គភាពសារព័ត៌មាននីមួយៗ គួរតែមានមេធាវីប្រចាំ ការពារអង្គភាពរបស់ខ្លួន ខណៈដែលខ្លួនកំពុងធ្វើប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈ ហើយត្រូវបានបុគ្គលមួយចំនួន ប្ដឹងចោទប្រកាន់ដូចជា ” បទបរិហារកេរ្ដិ៍, មួលបង្កាច់កេរ្តិ៍ ” ជាដើម, ដើម្បីការពារអង្គភាពទៅតាមទម្រង់ច្បាប់ និងការប្រកបវិជ្ជាជីវៈផ្សេងៗ។

ការណែនាំបែបនេះ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងគ្រាដែលក្រុមការងារអង្គភាព CEN ( Cambodia Express News) ដឹកនាំដោយ លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា បានចូលជួបសម្ដែងងការគួរសម និងជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើត ខួបចម្រើនជន្មាយុ គម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១), ប៉ុន្តែការជួបសម្ដែងការគួរសម បានធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពន្យល់ថា បុគ្គលមួយចំនួន ឬមន្ត្រីមួយចំនួន មិនសូវជាគិតគូរឲ្យស៊ីជម្រៅលើសាច់រឿងដែលសារព័ត៌មានផ្សព្វផ្សាយ ឬអង្គហេតុ និងវិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយនោះទេ, ឱ្យតែផ្សាយប៉ះពាល់ខ្លួននូវចំណុចមិនល្អណាមួយ ដឹងតែពីប្ដឹងអ្នកសារព័ត៌មាន ពីបទបរិហាកេរ្ដិ៍ , មួលបង្កាច់កេរ្តិ៍ ឬគំរាមកំហែង, ជាដើម ដូច្នេះដើម្បីការពារភាពស្របច្បាប់នៃការប្រកបវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន អង្គភាពសារព័ត៌មាននីមួយៗ គួរតែមានមេធាវីប្រចាំ ដើម្បីការពារក្តីទៅតាមទម្រង់ច្បាប់នីមួយៗដែលបុគ្គលមួយចំនួនណានោះប្ដឹង។

ក្រៅពីការណែនាំឲ្យអង្គភាពសារព័ត៌មាននីមួយៗគួរតែមានមេធាវីការពារក្តីជាប្រចាំហើយនោះ ឯកឧត្តម ខៀវ កាញារីទ្ធ នៅបានលើកឡើងអំពីក្រមសីលធម៌នៃការប្រកបវិជ្ជាជីវៈការងារនៅតាមស្ថាប័ននីមួយៗ ទាំងរដ្ឋ និងឯកជន ទៀតថា ចំពោះបុគ្គលរូបណា ដែលមានចំណេះជំនាញក្នុងការប្រកបការងារ ហើយទោះបីជាអ្នកនោះពូកែយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រសិនបើមិនគោរពវិន័យនៃបទបញ្ជាផ្ទៃក្នុង របស់ស្ថាប័ន-អង្គភាពនោះទេ គឺបុគ្គលនោះ លែងមានភាពពូកែទៀតហើយ, ផ្ទុយទៅវិញ បុគ្គលដែលមិនគោរពវិន័យ ជាបុគ្គលដែលបង្កភាពរញ៉េរញ៉ៃក្នុងអង្គភាព នាំគំរូអាក្រក់ដល់អង្គភាពទៅថ្ងៃក្រោយទៀត ដូច្នេះថ្នាក់ដឹកនាំស្ថាប័ន-អង្គភាព មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ឈប់បុគ្គលនោះ ឬមន្ត្រីនោះពីការងារ ក្នុងន័យជម្រះគំរូអាក្រក់ចេញ បំពេញគំរូល្អចូល ដើម្បីការងារក្នុងស្ថាប័ន-អង្គភាព ប្រកបដោយបរិស្ថានល្អយូរអង្វែង។
ទាក់ទងទៅនឹងការប្ដឹងផ្ដល់គ្នាពីបទ” គំរាមកំហែង ” វិញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ដើមបណ្ដឹង ដែលប្ដឹងចោទទៅកាន់បុគ្គលណាមួយ ពីបទគំរាមកំហែង តើអង្គហេតុដែលនាំឲ្យមានការប្ដឹងនោះ មានធាតុផ្សំគ្រប់គ្រាន់ហើយឬនៅ ? ជួនកាល បុគ្គលនោះ គ្រាន់តែកើតមានការខឹងសម្បារ ឬនឹកឃើញចង់ឈ្នះទៅនឹងរឿងអ្វីមួយ ក៏អាងប្ដឹងទៅបុគ្គលមួយទៀត ដែលខ្លួនគិតថា ជាគូបដិបក្ខ ហើយធ្វើឡើងទាំងធាតុផ្សំនៃការចោទប្រកាន់នោះ មិនមានលក្ខណៈបរិបូណ៌។

ចំណែកខាងមន្ត្រីតុលាការទៀតសោត មានអង្គហេតុខ្លះ ឬចំណុចខ្លះ ក៏គួរតែពិនិត្យពិច័យមើល ថាតើ បុគ្គលដែលរងនូវបណ្ដឹងពីបទ ” គំរាមកំហែង ” នោះ ស័ក្ដិសមនឹងមានសមត្ថភាពទៅគំរាមកំហែងគេដែរឬអត់? ហើយធាតុផ្សំនៃការចោទនោះ មានគ្រប់គ្រាន់ឬអត់ ? អ៊ីចឹង បើអង្គហេតុណា មិនស័ក្ដិសមទៅនឹងការគំរាមកំហែង ខាងមន្ត្រីតុលាការគេច្បាស់ជាដឹងហើយ, ពោលគឺ បុគ្គលដែលរងនូវបណ្ដឹងមិនមានធាតុផ្សំគ្រប់គ្រាន់ និងមិនមានសមត្ថភាពប្រព្រឹត្ត ដូចការប្ដឹងចោទប្រកាន់នោះទេ ខាងស្ថាប័នសមត្ថកិច្ច ក៏គួរតែចាត់នីតិវិធីឲ្យបានល្អច្បាស់លាស់ ចៀសវាងវិសមគតិយុត្តទៅលើបុគ្គលណាមួយ។

សម្រាប់មជ្ឈមណ្ឌលព័ត៌មាន CEN វិញ ថ្មីៗនេះ បានសង្កេតឃើញថា មានក្រុមមន្ត្រីស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ឱ្យតែសារព័ត៌មានផ្សាយពីចំណុចខ្សោយ ចំណុចអសកម្ម ឬរឿងអាស្រូវទាក់ទងទៅនឹងអំពើពុករលួយរបស់ពួកគេ គឺត្រូវបានបុគ្គលនោះ ចេញមកអះអាងយ៉ាងធូរខ្សុយថា ផ្សាយព័ត៌មានមិនពិត បំផ្លេីស បំពុល បំភ្លៃ បរិហាកេរ្ដិ៍ មួលបង្កាច់កេរ្ដិ៍ ជាដើម, ប៉ុន្តែត្រង់ថា សារព័ត៌មានផ្សាយខុសចំណុចណានោះ ឬការពិតយ៉ាងណានោះ បុគ្គលដែលរងនូវការផ្សាយទាំងនោះ មិនបានបកស្រាយបំភ្លឺឲ្យច្បាស់លាស់ពិតប្រាកដនោះទេ ដឹងតែពីថា សារព័ត៌មាន ផ្សាយព័ត៌មានមិនពិត បំផ្លេីស បំពុល បំភ្លៃ បរិហាកេរ្ដិ៍ មួលបង្កាច់កេរ្ដិ៍…។
មួយវិញទៀត ពេលអ្នកសារព័ត៌មាន ខលទូរស័ព្ទទៅសុំសម្ភាសន៍ដល់មន្ត្រីមួយចំនួន ទាំងស្ថាប័នរដ្ឋ និងឯកជន អំពីសាច់រឿងពាក់ព័ន្ធណាមួយ មន្ត្រីដែលពាក់ព័ន្ធទាំងនោះ ជូនកាលបិទទូរស័ព្ទ ជួនការមិនលើកទូរស័ព្ទ ហើយគេចវេះក្នុងការផ្ដល់ព័ត៌មាន លុះដល់អ្នកសារព័ត៌មានចេញផ្សាយរឿងនោះទៅ មន្ត្រីដែលគេចវេះនោះ ក៏តាំងចេញមកអះអាងថា ការផ្សាយនោះមិនពិត ខ្វះវិជ្ជាជីវៈ, មិនព្រមសួរគេ ឬសម្ភារគេផងទេ, ប៉ុន្តែធាតុពិត អ្នកសារព័ត៌មានតាមសួរសម្ភាសន៍ ឡើងអស់លទ្ធភាពទៅហើយ មន្ត្រីនោះមិនលៃលកពេលវេលា និងមិនងាកមើលអ្នកសារព័ត៌មាននោះទេ, ត្រង់នេះសូមគិតពិចារណាទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











