Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី៣

ភ្នំពេញ ៖ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធាន ជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្ដូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបចំនួន ៥១ រូប ព្រមទាំងតំណាងជាន់ខ្ពស់មកពីលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។

កម្ពុជាបានជម្រាបជូនអង្គប្រជុំថា កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់ ចូលរួមកិច្ចប្រជុំកំពូល ASEM13 រួចហើយ។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ ASEM មួយចំនួន ក្នុងនោះរួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន ផងដែរ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូល ASEM13 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣ រយៈពេលពីរថ្ងៃនេះ ឧត្តមមន្រ្តី ASEM បានពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ដែលឯកសារនេះនឹងត្រូវយកមកអនុម័ត ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលខាងមុខ។ ឧត្តមមន្រ្តី ASEM បានឯកភាពឱ្យបន្តមានកិច្ចប្រជុំចរចារលើខ្លឹមសារនៃសេចក្ដីព្រាងនេះទៀត តាមពេលសមស្របណាមួយ ក្នុងខែកញ្ញានេះ ដើម្បីពិភាក្សាបញ្ហាដែលនៅសេសសល់មួយចំនួន។

ឧត្តមមន្រ្តីទាំងអស់សម្ដែងនូវការកោតសរសើរដ៏ស្មោះជូនចំពោះ កម្ពុជា និងស្លូវេនី ដែលបានធ្វើសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីនេះ និងដែលបានបន្តរក្សាសន្ទុះ ASEM ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×