ខេត្តព្រះសីហនុ ៖ ស្រ្តីជាប់ចោទម្នាក់ កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ជួញដូរគ្រឿងញៀន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះឈ្មោះ ចាន់ សុខន ហៅ ម៉ែអាម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរចាំចំការ រស់នៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” តាមបញ្ញត្តិមាត្រា៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាល កាលពីថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាងរួមមមាន: ថ្នាំញៀនចំនួន៣៥កញ្ចប់ , សំបកថង់សម្រាប់វេចខ្ចប់ចំនួន១ដុំ , ដែកកេះចំនួន ០១ដើម, បំពង់ខ្សៀសម្រាប់ជក់០៣ខ្សៀ, ជញ្ជីងសម្រាប់ថ្លឹងចំនួន០១, សំបកគ្រាប់មិនទាន់ផ្ទុះចំនួន០៥គ្រាប់, សំបកគ្រាប់ផ្ទុះរួចហើយ ចំនួន៤០គ្រាប់ និង ទូរស័ព្ទចំនួន០១គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា
