ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បឹងកេត និងស្វាយរៀង បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់វិសាខា និងភ្នំពេញក្រោន

CAMSOC-ភ្នំពេញ ៖ ទីបំផុតក្រុមវិសាខា និងភ្នំពេញក្រោន បានស្គាល់បរាជ័យលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះហើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមព្រះខ័នរាជស្វាយរៀង ក្នុងជំនួបបើកឆាកជុំទី២ (វគ្គ Top-8) នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ។

ចំពោះកំណត់ត្រាមិនស្គាល់ចាញ់វិសាខា ត្រូវបានបំបែកដោយក្រុមបឹងកេត ក្នុងលទ្ធផល ២-១ ដែលជាការសងសឹកបានវិញ បន្ទាប់ពីជួបគ្នាជើងទី១ កាលពីថ្ងៃទី១១-កញ្ញា ក្រុមនាគខៀវបឹងកេត បានបរាជ័យក្នុងដីដល់ទៅ ៥-១។ អ្នកគាំទ្រក្រុមជើងឯក ៤សម័យនេះ បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះជ័យជម្នះកើតចេញពីការកែប្រែនូវលទ្ធផលដ៏អាក្រក់ កាលពីជើងទី១ ហើយបានវាយបកយកឈ្នះក្រុមវិសាខាវិញ នៅជុំទី២នេះ។

ជំនួបដ៏តានតឹងនៅកីឡដ្ឋានព្រីនស៍ខាងលើ ក្រុមបឹងកេត បានបើកការនាំមុខក្រុមម្ចាស់ផ្ទះវិសាខា ២គ្រាប់មុន នៅវគ្គទី១ ដែលរកបានដោយ ចាន់ វឌ្ឍនាកា ម្នាក់ឯង នៅនាទី២៥ និងនាទី៣០។ បន្ទាប់មកក្រុមវិសាខា បានព្យាយាមវាយបក រហូតដល់នាទី៥៨ នៅវគ្គទី២ ទើបពួកគេ រកបាន ១គ្រាប់តាមពីក្រោយវិញ ដោយខ្សែប្រយុទ្ធចំណូលថ្មី Cristian Alex នៅនាទី៥៨ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោង។

រីឯក្រុមព្រះខ័នរាជស្វាយរៀង ក៏បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ ដែរ។ ជំនួបដ៏ជក់ចិត្តនាកីឡដ្ឋានខេត្តស្វាយរៀងនេះ ស្ទើរពេញ ៩០នាទី សឹងតែមិនមានគ្រាប់បាល់កើតឡើងនោះទេ ទោះបីក្រុមទាំងពីរ បានព្យាយាមបង្កើតឱកាសជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្ដែនៅនាទី៨៥ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមម្ចាស់ផ្ទះ Nkene Emmanuel Junior ក៏បានស៊ុតបំប៉ោងសំណាញ់ទីក្រុមសិង្ហក្រហម ១គ្រាប់ ដែលជាគ្រាប់ជ័យជម្នះតែម្ដង។ កាលពីជើងទី១ ក្រុមទាំងពីរ ស្មើគ្នា ៣-៣។

ដោយឡែកការប្រកួត Top-8 មួយប្រកួតទៀត ក្រុមណាហ្គាវើលដ៏ បានបន្ដយកឈ្នះក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ៤-២ នៅកីឡដ្ឋានស្ដាតចាស់។ ៤គ្រាប់របស់ក្រុមណាហ្គាវើលដ៏ រកបានដោយកីឡាករ Marcio ២គ្រាប់, គួច ដានី និង សុះ ស៊ូហាណា ម្នាក់ ១គ្រាប់។ រីឯ២គ្រាប់របស់អង្គរថាយហ្គឺរ ធ្វើសម្រេចដោយ ឡុង ម៉េងហាវ និង Da Cruz ម្នាក់១គ្រាប់ ដែលគ្រាប់បាល់ទាំងអស់ សុទ្ធតែបានកើតឡើងនៅវគ្គទី២ បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល ០-០ នៅវគ្គទី១។

ក្រោយបញ្ចប់ការប្រកួតទាំង៣គូខាងលើ គេឃើញតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី១៤ កាន់តែមានភាពតានតឹងខ្លាំង សម្រាប់ដំណើរឆ្ពោះទៅប្រជែងជើងឯក ដោយមានបេក្ខភាពកំពូលតារាង៤ក្រុម រកបាន ២៨ពិន្ទុស្មើគ្នា រួមមានវិសាខា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងក្រុមណាហ្គាវើលដ៏ ខណៈក្រុមជើងឯកឆ្នាំចាស់បឹងកេតវិញ បានឈរលេខរៀងទី៥ និងមាន ២៧ពិន្ទុ ចាញ់ប្រៀបក្រុមគូប្រជែងតែ១ពិន្ទុប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម