កាលពីពេលថ្មីៗនេះ រូបភាព២សន្លឹកបង្ហាញសត្វក្រពើ ត្រូវបានចងខ្សែដាក់រដូករណែលពាសពេញដី នៃមុខផ្ទះមួយកន្លែង បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់លេងបណ្តាញសង្គម រហូតមានអ្នកខ្លះយករូបទាំងនេះទៅផុស និងសរសេរ Caption ថា យប់ឡើងភ្លៀងដូចហែកមេឃ ស្រាប់តែព្រឹកឡើងបែបនេះតែម្តង ញាក់សាច់ណាស់។ រីឯអ្នកខ្លះទៀតដាក់ឡើងបែបនេះថា លក់នៅផ្ទះមិនដាច់ទេ មានតែដាក់លក់ឡៃឡុងតាមផ្លូវអុីចឹង ហេីយបេីលក់មិនដាច់ទៀត កាត់ខ្សែប្រលែងហេីយ ខ្ជិលយកទៅផ្ទះវិញ។
ក្រោយឮបែបនេះ ស្រាប់អ្នកលេងហ្វេសប៊ុកជាច្រើនដែលពុំបានដឹងរឿងច្បាស់ នាំគ្នាចូលខមិនលេងសើចថា ប្រលែងណាប្រលែងទៅ កុំឲ្យតែប្រលែងមុខផ្ទះខ្ញុំបានហើយ, អ្នកណាហ៊ានទិញទៅ មិនលេងចូលទេខ្លាចណាស់ក្មួយអើយ, យកលែងនៅវត្តខ្លះទៅ ជិតភ្ជំបិណ្ឌផងបានបុណ្យច្រើន, មួយគីឡូប៉ុន្មានដែរអ្នកលក់ រកទិញដាក់ផ្ទះមួយដែរ…។ លើសពីនេះ អ្នកខ្លះទៀត ក៏បានចំអកទៅឲ្យមន្រ្តីអភិរក្សសត្វព្រៃ ដែលចាប់តុកកែ ពីឡានក្រុមហ៊ុនវីរៈ ប៊ុនថាំ ទារ៣ម៉ឺនដុល្លារ កាលពីថ្ងៃមុនថា ក្រពើជាសត្វព្រៃដូចតុកកែដែរ ឬអត់ទេបង? យី ដចឹងបាត់លោកអ្នកអភិរក្សសត្វព្រៃទៅណាអស់លីង អត់មកចាប់យកទៅអភិរក្សដូច សារិកាកែវសោះ។
តែទោះយ៉ាងណា តាមពិតទៅ សត្វក្រពើជាប់ចំណងទាំងនោះ គឺត្រូវម្ចាស់កសិដ្ឋានចិញ្ចឹមមួយនៅក្នុងខេត្តសៀមរាប យកមកលើដងផ្លូវ គឺដើម្បីលក់ឲ្យឈ្មួញប៉ុណ្ណោះ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ UN Chanphualla «ផុសពត៌មានគ្មានវិជ្ជាជីរៈសោះ តាមពិតខ្ញុំបានមើលអ្នកលក់ឡាយតាមផេកហ្វេសប៊ុក គាត់លក់ក្រពើទាំងនោះពីខេត្តសៀមរាប ទៅអោយឈ្មួញនៅកំពង់ក្តី ហើយគេចាប់ក្រពើដាក់ ដើម្បីត្រៀមដឹកតាមឡាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








