Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្ម និង សេវាកម្មចំណីអាហារ នៅខេត្តព្រះសីហនុ ហាក់កម្រើកឡើងវិញនាដើមខែកញ្ញានេះ

ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីរាយការណ៍បឋម ជុំវិញស្ថានភាពទូទៅនៅក្រុងព្រះសីហនុ នាដើមខែកញ្ញានេះ ហាក់មានសកម្មភាពកម្រើកឡើងវិញហើយ ដែលជាសញ្ញាមួយផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំដល់បណ្តាអាជីវកម្ម មួយចំនួនជាក់ស្តែងអាហារដ្ឋាន ទាខ្វៃហុងកុង ក៏ដូចជាតាមបណ្តាអាហារជាច្រើនបាននឹងកំពុងចាប់ផ្តើមដំណើរការ ស្របពេលជាមួយគ្នាដែលក្រសួងទេសចរណ៍ប្រកាសពីផែនការ បើកជើងហោះហើរសាកល្បង ចំពោះអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន អោយចូលមកកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

លោក អ៊ុក តារា ម្ចាស់អាហារដ្ឋានទាខ្វៃហុង ដែលជាម្ចាស់អាហារដ្ឋានមួយក្នុងចំណោមអាហារជាច្រើន ដែលកំពុងចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញ បានគូសបញ្ជាក់ថា ដោយមើលឃើញអំពីកំណើន នៃសេចក្តីត្រូវការផ្នែកម្ហូបអាហារ សម្រាប់អតិថិជននៅក្រុងព្រះសីហនុ មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាមានការណែនាំ ពីមន្ទីរទេចសណ៍ ទើបលោកសម្រេចចាប់ផ្តើមដំណើរការអាជីវកម្មឡើង បន្ទាប់ផ្អាកមួយរយៈ ។ ហើយអ្វីដែលធ្វើឲ្យលោក ហ៊ានចាប់ផ្តើមឡើងវិញនេះ ដោយសារលោក មើលឃើញអំពីសន្ទុះសេដ្ឋកិច្ចនៅក្រុងព្រះសីហនុ បាននឹងចាប់កម្រើកឡើងវិញ លើគ្រប់វិស័យ ជាក់ស្តែងវិស័យម្ហូបអាហារនេះឯង ដែលជាតម្រូវការចាប់បាច់របស់មនុស្សទូទៅ។

លោក អ៊ុក តារា បានបញ្ជាក់បន្ថែមថា គិតមកដល់បច្ចុប្បន្ននេះ អាហារដ្ឋានរបស់លោកមាន ទីតាំងផ្លូវចុះទៅទួលខ្សាច់ ស្ថិតក្នុងភូមិ១សង្កាត់លេខ២ ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នហាងរបស់ លោកបានដំណើរការយ៉ាងរលូន ដោយមានភ្ញៀវជាច្រើនចូលមក កម្មង់តាមប្រព័ន្ធអនឡាញ ដឹកជញ្ជូនដល់លំនៅដ្ឋាន ដោយក្នុងមួយថ្ងៃ គ្រាន់តែផ្នែកទាខ្វៃហុងកុងដែលមានរសជាតិដើម ឈ្ងុយឆ្ងាញ់នេះ អាចលក់បានចន្លោះពី៥០ ទៅ ១០០ទា នេះគ្រាន់តែជាចំណុចចាប់ផ្តើមនៅឡើយទេ។

ដោយឡែកលោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា គិតមកដល់ដើមខែកញ្ញា មន្ទីទេសចរណ៍ បានធ្វើការផ្សព្វផ្សាយជូនដល់ម្ចាស់អាហារដ្ឋាន ម្ចាស់ភោជនីយដ្ឋាន ស្ទើរទូតាំងខេត្តហើយ ក្នុងការអនុញ្ញាតឲ្យចាប់ដំណើរឡើង ដោយផ្នែកលើវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍ឲ្យបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានមន្ទីរទេសចរណ៍ក៏បានសង្កត់ធ្ងន់ថា ដោយអនុវត្តតាមសេចក្តីជូនដំណឹង ខាងលើកន្លងមក មន្ទីរទេសចរណ៍ខេត្តរួមដោយមានការ សហការពីអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់គោលដៅ សកម្មភាពអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន ក្នុងក្រុងកោះរ៉ុង ហើយការបើកដំណើរការអាជីវកម្មឡើងវិញ គឺ បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តរភាព នៃសកម្មភាពសេដ្ឋកិច្ចសង្គម បង្កើនប្រាក់ចំណូល និងមុខរបរអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងក្រុងកោះរ៉ុង ដែលប្រជាពលរដ្ឋ ពឹងផ្អែកទៅលើវិស័យទេសចរណ៍ ក្នុងការបង្កើនជីវភាពគ្រួសារ និងការរក្សាការពារសុវត្ថិភាព ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យភ្ញៀវ ចូលទទួលទានអាហារនៅក្នុង ទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោលការណ៍ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី ៦ តម្រូវឲ្យម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាតបញ្ជាក់ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២លើកបានរួចរាល់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ត្រូវយកសំណាកចំនួន២លើក ក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម។

លោកប្រធានមន្ទីរទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅបំណាច់ចុងឆ្នាំនេះខេត្តព្រះសីហនុ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ាន ដូច្នេះហើយសូមឲ្យអាជ្ញាធរ ជូនដំណឹងផ្សព្វផ្សាយ បន្តដល់ម្ចាស់អាជីវកម្ម នៅក្នុងក្រុងកោះរ៉ុង បានដឹង ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្ត ដូចនេះទាមទារឲ្យម្ចាស់អាជីវកម្មទាំងអស់ ពង្រឹងគុណភាពសេវាកម្ម សណ្ដាប់ធ្នាប់បរិស្ថានអនាម័យ សុខសុវត្ថិភាព ទាំងអស់នេះគឺ ជាការរួមចំណែករបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តក្នុងការបង្កើតមុខរបរ និងអាជីវកម្មរបស់បងប្អូន នៅលើក្រុងកោះរ៉ុង មានជីវភាពល្អប្រសើរឡើង៕ រក្សាសិទ្ធិដោយ៖CEN

×