ខេត្តកោះកុង ៖ ជនជាតិដើមភាគតិចជង រស់នៅស្រុកថ្មបាំង ខេត្តកោះកុង សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយអន្តរាគមន៍ចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចជង នៅតំបន់អារ៉ែង ឲ្យបានឆាប់។
ខ្លឹមសារនៅក្នុងលិខិតស្នើសុំកិច្ចអន្តរាគមន៍ចំនួន ៣ច្បាប់ដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ដាក់ជូនខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងការិយាល័យឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា របស់តំណាងប្រជាពលរដ្ឋសរុបប្រមាណ ១០០គ្រួសារ រស់នៅភូមិប្រឡាយ ឃុំប្រឡាយ និងប្រជាពលរដ្ឋរស់នៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្រុមប្រជាពលរដ្ឋ បានស្នើសុំកិច្ចអន្តរាគមន៍ឲ្យជួយចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាដើមភាគតិចជង នៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ដោយអះអាងថា ជនជាតិដើមភាគតិចជង របស់ពួកគាត់បានមករស់នៅក្នុងតំបន់អារ៉ែង ភូមិភាគកណ្តាលទិសនារតី ក្នុងខេត្តកោះកុង នៃប្រទេសកម្ពុជាជាយូរលង់ណាស់មកហើយៗ ក្នុងនោះដូនតា របស់ពួកគាត់ ក៏បានរស់នៅក្នុងតំបន់នេះជារហូតមក និងមានប្រពៃណី វប្បធ៌ម ទំនៀមទំលាប់ព្រមទាំងរបៀបរស់នៅលក្ខណៈប្រមូលផ្តុំជាសហគមន៍ និងប្រតិបត្តិទៅលើជំនឿអារក្សអ្នកតា ធ្វើស្រែចំការវិលជុំ តាមរបៀប្រពៃណីជនជាតិដើមភាគតិចជង របស់ដូនតារៀងមក។
តំណាងពលរដ្ឋ ឲ្យដឹងទៀតថា រាល់ថ្ងៃនេះ ជនជាដើមភាគិតិតជងតំបន់អារ៉ែង ក៏នៅតែប្រារព្ធពិធីសែនព្រេន ដល់អារក្សអ្នកតា ការកូនប្រុសស្រី តាមទំលាប់ជនជាតិដើមភាគតិចជង និងពិធីផ្សេងៗ ជាច្រើនទៀតផងដែរ។
លិខិតដដែល បានបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋពួកគាត់ ស្គាល់អត្តសញ្ញាណខ្លួនថាជាជនជាតិដើមភាគតិចជង យ៉ាងក្តី ក៏ប៉ុន្តែពួកគាត់នៅមិនទាន់ទទួលបានលិខិតបញ្ជាក់ ដែលទទួលស្គាល់ពីអាជ្ញាធរនៅឡើយទេ។ ដូច្នេះទើបពួកគាត់ បានដាក់លិខិតជូនទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រសួងអភិវឌ្ឍន៍ជនបទ និងការិយាល័យឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្នុងការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចជង ឲ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់។
ផ្តើមពីបញ្ហានេះ តំណាងប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ នៅស្រុកថ្មបាំង ខេត្តកោះកុង បានបញ្ជាក់ថា ពួកគាត់បានធ្វើលិខិតស្នើសុំស្វ័យអត្តសញ្ញាណជនជាដើមភាគតិច ដោយគោរពតាម នីតិវិធីគោលការណ៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់លិខិតជូនទៅថ្នាក់ឃុំ ថ្នាក់ស្រុក និងបន្តទៅថ្នាក់ខេត្ត ប៉ុន្តែរហូតមកដល់ពេលនេះ បានអូសបន្លាយពេលវេលាជាង ១ឆ្នាំមកហើយ គឺលិខិតស្នើសុំ របស់ប្រជាពលរដ្ឋពួកគាត់ រស់នៅឃុំប្រឡាយ និងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង នៅជាប់ត្រឹមឃុំទាំងពីរនៅឡើយទេ ព្រោះរដ្ឋបាលឃុំទាំងពីរខាងលើពុំព្រមចុះហត្ថលេខាលើលិខិតពួកគាត់ ដើម្បីអាចឲ្យបន្តនីតិវិធីទៅថ្នាក់ស្រុក និងថ្នាក់ខេត្តបាននោះទេ។
តំណាងពលរដ្ឋ បានចោទរដ្ឋបាលឃុំទាំងពីរខាងលើថា អំពីមូលហេតុដែលរដ្ឋបាលឃុំទាំងពីរខាងលើ មិនព្រមចុះហត្ថលេខានៅលើលិខិតស្នើសុំចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាដើមភាគតិចជង របស់ពួកគាត់ គឺអាជ្ញាធរឃុំ និងស្រុក យកលេសថា៖ ពួកគាត់មិនមែនជាជនជាតិដើមភាគតិចជង។ មិនមានភាសា ដែលបញ្ជាក់ថា ប្រជាពលរដ្ឋពួកគាត់ជាជនជាដើមភាគតិចជង។ អាជ្ញាធរខ្លាចថាពេលដែលពលរដ្ឋទទួលបានសិទ្ធិជាជនជាតិដើមភាគតិចហើយ មិនអាចលក់ដូរដីធ្លីបាន និងហេតុផលជាច្រើនទៀត ដែលជាហេតុធ្វើឲ្យឯកសារ របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង របស់ពួកគាត់ មិនអាចបញ្ជូនដល់ថ្នាក់ខេត្ត និងបន្តទៅក្រសួងបាន។
ខាងក្រោមនេះជាលិខិតស្នើសុំកិច្ចអន្តរាគមន៍ របស់តំណាងជនជាតិដើមភាគតិចជង នៅឃុំប្រឡាយ និងប្រជាពលរដ្ឋរស់នៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដាក់លិខិតស្នើសុំអន្តរាគមន៍ទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន។ ក្រសួងអភិវឌ្ឍន៍ជនបទ និងការិយាល័យឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨៕ ដែន សីមា