Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកលក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»នៅថ្ងៃស្អែក

spot_img

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចប្រជុំកំពូលនេះ នឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភពលោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ (draft Targets)។

សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និងសារៈសំខាន់ក្នុងការកំណត់នូវរាល់វ៉ាក់សាំងទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ ដោយគ្មានការរើសអើង ។

សម្តេចតេជោ ក៏នឹងចែករំលែកដល់កិច្ចប្រជុំកំពូលផងដែរ អំពីមធ្យោបាយដ៏មានប្រសិទ្ធភាព និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ឆ្លុះបញ្ចាំងនូវសាមគ្គីភាព និងការប្តេជ្ញាចិត្តដ៏រឹងមាំ និងម៉ឺងម៉ាត់របស់កម្ពុជា ជាមួយសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយស្មារតីថា «គ្មានអ្នកណាម្នាក់មានសុវត្ថិភាពនោះទេ រហូតដល់គ្រប់គ្នាមានសុវត្ថិភាព» ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×