Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជិន ម៉ាលីន ៖ ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់

ភ្នំពេញ ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងថា ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរអ្នកដទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ។

ឯកឧត្តម ជិន ម៉ាលីន បានលើកឡើង ៤ចំណុច ឆ្លើយតបនឹងអង្គការសង្គមស៊ីវីលមួយចំនួន ដែលចោទប្រកាន់ថារដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ៖

១. ការវិភាគដែលចាត់ទុកថា ជាសិទ្ធិសេរីភាព នៃការសម្តែងមតិនិងទស្សនៈ ហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ បានន័យថាជាការវិវាគតាមបែបវិទ្យាសាស្រ្ត មានមូលដ្ឋាននិងវិធីសាស្រ្ត នៃការសិក្សាស្រាវជ្រាវច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពទ្រឹស្តី គោលការណ៍ទូទៅ កិច្ចសម្ភាសន៍ និងការអនុវត្តជាក់ស្តែងជាដើម។ល។

២. ការវិភាគមួយចំនួននៅកម្ពុជា ដែលក្រុមរបស់គេបញ្ជោរ និងលើកជើងថាជាអ្នកវិភាគឯករាជ្យនោះ ដោយសារតែបានរិះគន់រដ្ឋាភិបាល គឺមិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈនិងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ តែជាការវិភាគតាមអារម្មណ៍ ដែលរួមមានការស្រឡាញ់ ការស្អប់ និងគុំនុំគុំគួន រួមជាមួយនិងនិន្នាការនយោបាយផងដែរ ជាដើម។ល។

៣. កុំធ្វើជាអ្នកវិភាគជោរតាមអ្នកសម្ភាសន៍ និងវិទ្យុបរទេសមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំង នឹងរដ្ឋាភិបាលនិងផលប្រយោជន៍ជាតិ ព្រោះថាអ្វីដែលគេចង់បានគឺទស្សនៈ របស់អ្នកវិភាគដែលត្រូវនឹងគោលដៅរបស់គេ ដើម្បីយកទៅអត្ថាធិប្បាយ បកស្រាយ ញ្ចេញបញ្ចូលបន្ថែម និងផ្សព្វផ្សាយដើម្បីធ្វើការវាយប្រហារ បន្តុះបង្អាប់ និងរិះគន់រដ្ឋាភិបាលឱ្យខូចឈ្មោះតែប៉ុណ្ណោះ។

៤.ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរអ្នកដ៏ទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ ហើយការវិភាគដែលបំពានច្បាប់ទាំងនេះ ក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាព នៃការសម្តែងមតិ និងទស្សនៈតាមផ្លូវច្បាប់ នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×