Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត សុខ ទូច បង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណ ដល់អ្នកប្រាជ្ញាខ្មែរ ដែលបានខិតខំស្រាវជ្រាវ បម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល

ភ្នំពេញ ៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរ ដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញ សួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទីមួយ (១៩៩៩- ២០០៩) នៅរសៀលថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១ក្នុងគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង។

នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានរំឭកអំពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា នាគ្រាដំបូងនិងការដំណើរការ នៃការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលមានការវិវត្ត និងមានការរីកចម្រើន ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ជាពិសេស ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីបេសកកម្មស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលផ្តោតជាសំខាន់លើការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដើម្បីផ្តល់ជាធាតុចូលជូនដល់ស្ថាប័នដែលពាក់ព័ន្ធ។ «ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ» ជាផែនទីចង្អុលផ្លូវដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួនបំផុត។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យទាំងពីររូបបានបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញខ្មែរ ដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ដើម្បីរមឹ្លកគុណ និងជំរុញបេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់អភិវឌ្ឍកម្លាំងបញ្ញាញាណ នៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សា ស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេទិកាវិទ្យាសាស្ត្រ និង បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវប្រកបដោយចីរភាពបន្ថែមទៀត។

សូមបញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទីមួយ (១៩៩៩-២០០៩)។ ឯកឧត្តមបណ្ឌិតសភាចារ្យជាស្ថាបនិកមួយរូប ដែលបានជួយជំរុញរៀបចំដំណើរការការងារ និងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ឱ្យកកើតឡើងវិញ ក្រោយអាក់ខានអស់រយៈពេលជាច្រើនឆ្នាំដោយសារសង្គ្រាមស៊ីវិល។

នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃ ទី ២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិលចាប់ពីឆ្នាំ ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះទៅ។ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យលេខនស/រកត/០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល។

ចំណែកអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា បន្តពីឯកឧត្តមបណ្ឌិតសភាចារ្យស៊ន សំណាង គឺលោកជំទាវបណ្ឌិត សភាចារ្យ ខ្លូត ធីតា ដែលបានធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាពីឆ្នាំ២០០៩ – ២០១៧។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច រាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលរដ្ឋបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×