Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ណែនាំឲ្យអាជីវកម្មសេវាកម្មទេសចរណ៍ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ និងទេសចរផ្ទៃក្នុងដែលនឹងធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានា ក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។

ក្រសួងទេសចរណ៍ បានក្រើនរំលឹកអំពីការអនុវត្តវិធានការចាំបាច់នានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងពុំឆ្លងជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវពង្រឹងការអនុវត្តបន្ថែមដូចខាងក្រោម៖

១៖ ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដែលមានវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ។

គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវកត់ត្រាអត្តសញ្ញាណ (ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង) ភ្ញៀវទេសចរទាំងអស់ និងត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩” និងតម្រូវឱ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងតម្រូវឱ្យភ្ញៀវទេសចរត្រូវពាក់ម៉ាស (លើកលែងនៅពេលបរិភោគអាហារ និងភេសជ្ជៈ) និងរក្សាគម្លាតសុវត្ថិភាព ស្របតាមគោលការណ៍សុខាភិបាល។ ២៖ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត មិនត្រូវរៀបចំឱ្យមានការជួបជុំជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវមានយ៉ាងតិច ១.៥០ ម៉ែត្រពីគ្នា និងមានចំនួនកម្រិតអាស្រ័យតាមការកំណត់ដោយឡែករបស់រដ្ឋបាលរាជធានី-ខេត្ត។

៣៖ ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មខាងលើត្រូវពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃ ផលិតផល និងសេវាកម្មឱ្យបានសមរម្យ។

៤៖ ត្រូវតាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួន ដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក និងតម្រូវឱ្យអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យចំពោះភ្ញៀវទេសចរដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (បន្ទាប់ពីស្កេន QR Code “ទប់ស្កាត់កូវីដ-១៩”) និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់ សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ចូលទៅប្រើប្រាស់សេវាកម្មជាដាច់ខាត។

៥៖ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសេចក្ដីណែនាំនេះ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឱ្យអាជីវកម្មនោះបើកដំណើរការជាដាច់ខាត និងអាចប្រឈមទៅនឹង វិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

×