Thursday, October 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសារវីរកងទ័ពកំពុងពពោះនិងទើបសម្រាលកូន

ខេត្តត្បូងឃ្មុំ៖លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារវីរៈកងទ័ព ចំនួន ៧ គ្រួសារ ដែលកំពុងពពោះ និងទើបសម្រាលកូនរួច ក្នុងស្រុកមេមត់ ធ្វើឡើងនៅថ្ងៃទី២២តុលាឆ្នាំ២០២៥ជាមួយនោះក៏មានការចូលរួមពីសំណាក់អាជ្ញាធរដែនដីមូលដ្ឋានផងដែរ។

អំណោយទាំងនោះមាន គ្រឿងឧបភោគ-បរិភោគ សម្ភារសម្រាប់ទារកនិងម្ដាយ ព្រមទាំងថវិកាមួយចំនួនរបស់សមាគមនារីខេត្ត។ ក្នុងឱកាសនោះដែរ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

លោកជំទាវក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរៈកងទ័ព ឱ្យបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ព និងវីរៈកងទ័ពជួរមុខ។ លោកជំទាវបានបញ្ជាក់ថា សម្ដេចបានខិតខំរក្សាបទឈប់បាញ់ ដើម្បីបញ្ឈប់សង្គ្រាមរវាងកម្ពុជានិងថៃ ដូច្នេះសូមបងប្អូនក្រុមគ្រួសារកងទ័ពកុំព្រួយបារម្ភ។

លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនកូនក្មួយ ដែលមានស្វាមីជាកងទ័ព ហើយកំពុងពពោះ ឬទើបសម្រាលកូនរួច ឱ្យថែរក្សាសុខភាព អនាម័យ និងបរិភោគអាហារបំប៉នគ្រប់គ្រាន់ ដើម្បីសុខភាពម្ដាយនិងទារកល្អប្រសើរ។ ជាពិសេសនៅរដូវភ្លៀងនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពទារក។ជាចុងក្រោយ លោកជំទាវ រួមនឹងក្រុមការងារសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំស បានប្រគល់អំណោយរួមមាន គ្រឿងឧបភោគ-បរិភោគ សម្ភារទារកនិងម្ដាយ ព្រមទាំងថវិកាចំនួន ១,៦០០,០០០ រៀល របស់សមាគមនិងថវិកាចំនួន ៧០ម៉ឺនរៀល របស់លោកជំទាវ ហេង សំអាន ប៉ែនកុសល្យផ្ទាល់ ជូនដល់គ្រួសារវីរៈកងទ័ពទាំង ៧ គ្រួសារ ក្នុងស្រុកមេមត់ ដើម្បីឲ្យមានភាពកក់ក្តៅសម្រាប់បងៗកងទ័ពជួរមុខ ព្រោះថ្នាក់ដឹកនាំខេត្តតែងតែគិតគូរដល់ពួកគាត់គ្រប់ពេល៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×