បុរសជនជាតិអ៊ីតាលីម្នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយះពេល ២៤ឆ្នាំពីបទបានចម្លងមេរោគហ៊ីវ (HIV) ដល់ស្ត្រីជាង ៣០នាក់។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន Reuters នៅថ្ងៃសៅរិ៍នេះ។
ជនជាប់ចោទ ឈ្មោះ Valentino Talluto បានចម្លងមេរោគហ៊ីវដល់ស្ត្រីជាច្រើន ដោយសារគាត់រួមភេទជាមួយពួកគេដោយមិនប្រើស្រោមអនាម័យ ទោះដឹងថាខ្លួនមានផ្ទុកមេរោគហ៊ីវក៍ដោយ។
បើតាមការបញ្ជាក់របស់តុលាការបានឲ្យដឹងថា បុរសវ័យ ៣៣ឆ្នាំ និងជាគណនីកររូបនោះ បានលួងលោមស្ត្រីជាច្រើននាក់ តាមរយៈបណ្តាញសង្គមអស់រយៈពេលជាង ១០ឆ្នាំមកហើយ មុនពេលគាត់ត្រូវបានប៉ូលីសចាប់កាលពីខែវិច្ឆការ ឆ្នាំ ២០១៥កន្លងទៅ។
ប៉ូលីសជឿជាក់ថា គាត់បានរួមភេទជាមួយនឹងស្ត្រីយ៉ាងតិច ៥៣នាក់ក្នុងកំឡុងពេលនោះ និងបានចម្លងមេរោគហ៊ីវ ដល់ស្ត្រី ៣២នាក់។
បើតាមសវនាការក្នុងទីក្រុងរ៉ូម ជនជាប់ចោទតែងតែរកលេសមិនពាក់ស្រោមអនាម័យ ដោយគាត់បានប្រាប់ដៃគូថាគាត់មានបញ្ហាអាឡែកស៊ីជាមួយស្រោម ឬក៍និយាយប្រាប់ដៃគូថា គាត់ទើបតែធ្វើតេស្តមេរោគរួច។
ទោះយ៉ាងណា ជនជាប់ចោទបានសម្តែងការសោកស្តាយចំពោះអ្វីដែលបានកើតឡើង ប៉ុន្តែគាត់និយាយថា គាត់មិនបានដឹងពីផលលំបាកនៃសកម្មភាពរបស់គាត់សោះ។
ព្រះរាជអាជ្ញាបានជំរុញឲ្យតុលាការកាត់ទោសបុរសរូបនោះឲ្យជាប់គុមមួយជីវិត ដោយបានលើកឡើងថា គាត់បានបង្កការរាលដាលនៃមេរោគហ៊ីវ ប៉ុន្តែតុលាការបានច្រានចោលការស្នើនោះ។
ដៃគូដែលធ្លាប់រួមភេទជាមួយបុរសនោះជាច្រើន ទើបតែដឹងថាខ្លួនមានមេរោគហ៊ីវ ក្រោយពេលពួកគេបានលឺពីការកាត់ក្តីរបស់ជនជាប់ចោទ និងបានសម្រេចចិត្តធ្វើតេស្តឈាម។
ជម្ងឺអេដស៍ បានសម្លាប់មនុស្សប្រហែល ៣៥លាននាក់ជុំវិញពិភពលោកចាប់តាំងពីជម្ងឺឈាមត្រជាក់នេះផ្ទុះឡើងកាលពីឆ្នាំ ១៩៨០៕ ដោយ ៖ សុភ័ក្ត្រ