ភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះចុងភៅ ធ្វើម្ហូបបុណ្យម្ហូបការមួយកន្លែង ស្ថិតនៅផ្លូវបេតុង ផ្ទះលេខ 380A ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៤ និង ០០នាទីរសៀលថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១។

ម្ចាស់ផ្ទះខាងលើឈ្មោះ ស៊ី វសាំង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរមេចុងភៅ ស្នាក់នៅចំណុចកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារម្ចាស់ផ្ទះ បានចេញទៅក្រៅបាត់ សល់តែស្ត្រីវ័យចំណាស់ម្នាក់ឲ្យនៅចាំផ្ទះ ដោយម្ចាស់ផ្ទះបានបើកធុងហ្គាសចោល ហើយភ្លេចបិទវិញ ទើបបណ្ដាលឲ្យផ្ទុះធុងហ្គាសឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ ទប់ស្កាត់កុំឲ្យមានការរាលដាលឆាបឆេះដល់ផ្ទះក្បែរៗនោះ ដោយសារតែស្ថានភាពភ្លើងឆេះខ្លាំងពេក ទើបគ្រប់គ្រងស្ថានការណ៍មិនបាន បណ្ដាលឲ្យឆាបឆេះផ្ទះខាងលើនេះអស់ទាំងស្រុងតែម្តង។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ កុំឲ្យមានការរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះ ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីផ្ទុះធុងហ្គាស ក្នុងហេតុការណ៍នេះ ពុំមានបណ្ដាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតផ្ទះទំហំ ៦ម៉ែត្រគុណនឹង ៨ ម៉ែត្រឈើលើថ្មក្រោម ខូចខាតទាំងស្រុង សម្ភារៈដែលខូចខាតរួមមាន តុសម្រាប់ជួលការនិងបុណ្យនិងសម្ភារៈក្នុងផ្ទះមួយចំនួនធំ៕ រក្សាសិទ្ធិដោយ ៖ សួង សាម















