Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញ ចំពោះការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ឬអាចឈានទៅផ្អាកការប្រារព្ធពិធីនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យមានការពិចារណាឡើងវិញចំពោះការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ឬអាចឈានទៅផ្អាកការប្រារព្ធពិធីនេះ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះសិន។

តាមរយៈសារសំឡេងពិសេសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅតាមទីវត្តអារាមមួយចំនួន រួមទាំងវត្តជំពុះក្អែករបស់សម្តេចព្រះពោធិ៍វង្ស អំ លីមហេង ផង បានរកឃើញមានការឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ បានលើកឡើងថា ការរកឃើញឆ្លងជំងឺកូវីដ១៩នេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណាខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។ មិនគ្រាន់តែនៅក្នុងទីក្រុងទេ ប្រជុំជនទេ ជនបទក៏នឹងកើតឡើងដែរ។ ឥឡូវជនបទមួយចំនួនចាប់ផ្តើមផ្ទុះនូវកូវីដ១៩ ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយសារពេលនេះអ្នកទីក្រុងចរាចរណ៍ទៅជនបទ អ្នកជនបទចរាចរណ៍មកទីក្រុង ជាពិសេសចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់»។

តាមសម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការពិចារណាក្នុងផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឱ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពដល់ព្រះចៅអធិការនៅតាមវត្តនីមួយៗ ក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ៕

×