Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីហ៊្វុនស៊ិនប៉ិច នឹងដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ នៅដើមសប្តាហ៍ក្រោយ ស្នើសុំនិរាករណ៍ត្រា ដែលតែគ្រប់គ្រងដោយព្រះអង្គម្ចាស់ក្សត្រី ម៉ារី

ភ្នំពេញ ៖ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចថា នឹងដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃនៅដើមសប្តាហ៍ក្រោយនេះ ដើម្បីស្នើសុំនិរាករណ៍ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងតែគ្រប់គ្រងដោយព្រះអង្គម្ចាស់ក្សត្រី ម៉ារី ។

លោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់នៅល្ងាចថ្ងៃទី២៣ ខែកញ្ញានេះថា ព្រះអង្គម្ចាស់ក្សត្រី ម៉ារី មិនព្រមប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ។ ដោយលោកបានបញ្ជាក់ថា បើសិនជាអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ត្រាទេ គឺនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ នឹងរៀបចំអនុវត្តតាមច្បាប់ ដោយដាក់ពាក្យបណ្តឹងប្តឹងទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំនិរាករណ៍ត្រានោះចោល យើងនឹងធ្វើត្រាថ្មីដើម្បី ប្រើប្រាស់ពីព្រោះត្រានោះប្រើដោយអ្នកមិនមានសិទ្ធិ។

ការសម្រេចប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ក្សត្រី ម៉ារី មិនព្រមប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកឲ្យក្រុមលោកចាប ញ៉ាលីវុធ , សាយ ហាក់ , ហេង ចន្ថា និងលោកផាន់ សិទ្ធី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីយកទៅប្រើប្រាស់នោះទេ។

ការមិនព្រមប្រគល់ត្រាបក្សនេះ គឺបន្ទាប់ពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា លោកចាប ញ៉ាលីវុធ លោកហេង ចន្ថា និងលោកសាយ ហាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ស្នើប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ។ ដោយក្នុងលិខិតបានបញ្ជាក់ថា “ខកខានមិនព្រមប្រគល់ត្រាចាប់ពីថ្ងៃថ្វាយដំណឹង (២០ កញ្ញា) រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ចាត់ទុកជាការរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលត្រូវប្រឈមចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា”។

លោកផាន់ សិទ្ធី បានបើកបង្ហាញទំនាស់បែកបាក់ផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងបានបង្ហាញពីជំហរក្នុងបង្រួបបង្រួម ជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច នាជ្រោយចង្វារ។ នៅក្នុងសន្និសីទកាសែតនេះ គឺមានការចូលរួមពីមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច។
លោកផាន់ សិទ្ធី បានថ្លែងថា រាល់ចំណាត់ការនានាកន្លងមកនេះ ត្រូវបានសម្រេចនិងអនុម័តដោយព្រះអង្គម្ចាស់ក្សត្រីម៉ារី តាមរយៈមន្ត្រីជំនួយការម្នាក់ឈ្មោះ ហេង ហាក់លីម និងមិនមែនជាការសម្រេចដោយព្រះអង្គម្ចាស់រណឫទ្ធិនោះទេ។ រាល់ចំណាត់ការនានាកន្លងមកនេះទៀត ក្នុងគណបក្សហ្វ៊ុនស៊ុនប៉ិច មិនត្រូវបានគេសាកសួរយោបល់ពីអនុប្រធានទាំង៤ ដែលបានតែងតាំងដោយសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិនោះឡើយ។

នៅក្នុងសន្និសីទកាសែត ក្រុមមន្ត្រីជាន់ខ្ពស់បានបដិសេធមិនទទួលស្គាល់នូវចំណាត់ការនានាណាមួយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងនាមព្រះអង្គម្ចាស់ក្សត្រីម៉ារី ឡើយ, និងសន្និសីទកាសែតថ្ងៃនេះ បានប្រកាសទទួលស្គាល់ការ ចួលរួមរបស់គណបក្សខ្មែររូបរួមជាតិ របស់លោកញ៉ឹក ប៊ុនឆៃ ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច សាឡើងវិញដើម្បីការរួមគ្នាបោះឆ្នោតសកលឆ្នាំ២០២៣។

មន្ត្រីដែលបដិសេធនឹងព្រះអង្គម្ចាស់ក្សត្រីម៉ារី បានថ្លែងបង្ហើបទៀតថា បច្ចុប្បន្ន គេមិនទាន់មានទំនាក់ទំនងណា មួយដោយផ្ទាល់រវាងពួកគេជាមួយនឹងសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិដែលស្ថិតក្នុងប្រទេសបារាំងនោះឡើយ។ មន្ត្រីដដែលនិយាយបង្ហាញថាព័ត៌មានអំពីវត្តមាននិងកន្លែងរស់នៅរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ បានស្ថិត ក្នុងភាពស្រពិចស្រពិល។ មន្ត្រីហ៊្វុនស៊ិនប៉ិចដដែលបញ្ជាក់ថា ព្រះអង្គ ម្ចាស់រណឫទ្ធិ ត្រូវគេនិយាយ ថាបានស្ថិត ក្នុងមណ្ឌលមនុស្សចាស់ក្នុងប្រទេសបារាំង ប៉ុន្តែពួកគេមិនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះអង្គបានឡើយ។

ព្រះអង្គម្ចាស់ក្សត្រីម៉ារី មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×