ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសតាមរយៈសារសំឡេង បន្ទាន់មួយ ដោយសម្ដេចព្រួយបារម្ភថាបន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនេះទៅ អត្រាមនុស្សឈឺកូវីដ-១៩ និងអត្រាអ្នកស្លាប់ដោយសារកូវីដ-១៩ កាន់តែច្រើនឡើងពិបាកនឹងទប់ទល់ ដែលវាអាចឈានទៅបំផ្លាញចំពោះការបើកដំណើរការសាលារៀនឡើងវិញ ដោយសារតែវត្តអារាមមួយចំនួនកំពុងតែមានការឆ្លងរាលដាលជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា និងសម្ដេចព្រះសង្ឃនាយក ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ រិះរកវិធីសាស្រ្ត ថាតើ គួរបិទពិធីបុណ្យភ្ជុំបិណ្ឌ ឬក៏មានវិធីអ្វី ដើម្បីបន្តពិធីនេះតទៅទៀត? ព្រោះពិនិត្យឃើញថា ពេលនេះ វត្តអារាមមួយចំនួនកំពុងតែមានការឆ្លងរាលជំងឺកូវីដ-១៩ច្រើនអង្គ/នាក់រួចទៅហើយ ដែលនេះធ្វើឱ្យមានការព្រួយបារម្ភខ្លាំងបំផុត សម្រាប់ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល។
សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្តេចបានបញ្ជាក់ថា ជាក់ស្ដែង នៅវត្តចំពុះក្អែករបស់សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង បានរកឃើញមានការឆ្លងជំងឺកូវីដ-១៩ច្រើនអង្គ/នាក់, និងវត្តអារាមមួយចំនួនទៀតនៅតាមបណ្ដាខេត្ត ក៏មានការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះផងដែរ។ ការរកឃើញឆ្លងជំងឺកូវីដ-១៩ក្នុងវត្តអារាមនេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីទៅក្នុងសហគមន៍កាន់តែធំឡើងថែមទៀត ឈានទៅបំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមក។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការបារម្ភខ្លាំងណាស់ថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងមនុស្សស្លាប់ អាចនឹងមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។
មិនត្រឹមតែនៅក្នុងទីក្រុង ប្រជុំជន ប៉ុណ្ណោះទេ ជនបទក៏នឹងកើតឡើងដែរ, ឥឡូវនេះ ជនបទមួយចំនួន ចាប់ផ្តើមផ្ទុះនូវការឆ្លងកូវីដ-១៩កាន់តែកើនឡើង ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយសារពេលនេះអ្នកទីក្រុងចរាចរណ៍ទៅជនបទ ឯអ្នកជនបទចរាចរណ៍មកទីក្រុង ជាពិសេស ប្រជាពលរដ្ឋពុទ្ធបរិស័ទ ចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់, ដែលនេះ គឺជាការព្រួយបារម្ភបំផុត។ អ៊ីចឹងហើយ បានជាសម្ដេច ណែនាំទៅស្ថាប័ន-ក្រសួងពាក់ព័ន្ធទាំងអស់ ឲ្យពិចារណាលើករណីនេះឲ្យបានហ្មត់ចត់បំផុត៕ ពិសិដ្ឋ CEN


