ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ក្នុងនោះមានជនសង្ស័យចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ឆក់កាបូបនារីជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ស បណ្តាលឲ្យដួលម៉ូតូរបួសពេញខ្លួន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១និង៥០នាទីយប់ នៅចំណុច រង្វង់ត្រីដូហ្វីន ស្ថិតក្នុង ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ សយ រីណៃ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទហតឡាញភ្លាមៗ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ ។
សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយ ០១ ក្នុងនោះមាន -ប្រាក់ ៥០$ -កាបូបដៃ ១ -អត្តសញ្ញាណប័ណ្ណ ១សន្លឹក -កាតវីង ២សន្លឹក -កាតចាក់វ៉ាក់សាំង ១សន្លឹក ។
ចំណែកជនរងគ្រោះបានរងរបួស រលាត់ប្រអប់ជើងខាងស្តាំ, ក្បាលជង្គង់ និងឈឺពេញរៀងកាយ ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញ ផែនព្រហ្មទណ្ឌឃាត់ខ្លួនបាន មានអត្ដសញ្ញាណដូចខាងក្រោម៖ ១-ឈ្មោះ នេត ប៉េឡាយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានសំណង់នៅអូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ លន សេងហស្ស ហៅ បី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានសំណង់នៅអូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ ពេជ្រ ពើន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖ ១-ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IT-1984 ។ (មធ្យោបាយធ្វើសកម្មភាព) ២-កាបូបស្ពាយ ១ ក្នុងនោះមាន៖ (ផលនៃអំពើលួច) -កាបូបដៃ ១ -អត្តសញ្ញាណប័ណ្ណ ១សន្លឹក -កាតវីង ២សន្លឹក -កាតចាក់វ៉ាក់សាំង ១សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ ដែលមានអត្ដសញ្ញាណខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖CEN


