សៀមរាប ៖ លោករដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ខេត្តសៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ដោយវិស័យទេសចរណ៍ជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥,៦លាននាក់ កើនឡើង ១១,៨ភាគរយ បង្កើតប្រាក់ចំណូលជូនជាតិចំនួន ៣.៦៣៨ លានដុល្លារ រួមចំណែកប្រមាណ ១៣ភាគរយ ក្នុងផលិតផលក្នុងស្រុកសរុប (GDP) បង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦០ម៉ឺននាក់ និងការងារដោយប្រយោលជាច្រើនម៉ឺននាក់ទៀត។
នៅព្រឹកថ្ងៃពុធទី៤ ខែមេសា ឆ្នាំ២០១៨ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជន ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនពរដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប។
លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលអំពីសភាពការណ៍នយោបាយ និងការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេស សម្តេចតេជោតែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំក្នុងការជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែកដ៏ខ្លាំងក្លា ក្នុងការរក្សាការពារបូរណភាពទឹកដី និងការពារតំបន់បេតិកភណ្ឌអង្គរ និងតំបន់ជុំវិញ។ កងយោធពលខេមរភូមិន្ទគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីស្ថិតក្នុងតម្លាំណាក៏ដោយ គឺត្រូវការពារឲ្យបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងប្រឆាំងដាច់ខាតចំពោះចលនាបដិវត្តន៍ពណ៌មិនឲ្យកើតមាននៅកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ