ភ្នំពេញ ៖ ប្រទេសជាច្រើន ដែលកន្លងមកធ្លាប់តែគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 មានប្រសិទ្ធភាព តែឥឡូវនេះ បែរជាកំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងខ្លួន Delta ទៅវិញ, ប៉ុន្តែ សម្រាប់កម្ពុជា បែរជាជោគជ័យ ដោយសារតែដើរមុនមួយជំហាន រួមមាន ការបិទច្រកព្រំដែនមួយរយ: , រៀបចំកន្លែងធ្វើចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែន តាមមូលដ្ឋាន និងតាមទីប្រជុំជន, ការរៀបចំប្រព័ន្ធដឹកជញ្ជូនប្រជាជនដែលមានជំងឺ និងអ្នកជាប់សង្ស័យ, ការរៀបចំមណ្ឌលសុខភាព និងមន្ទីរពេទ្យព្យាបាលព្យាបាល, ផែនការចាក់វ៉ាក់សាំងដែលមានការរៀបចំលម្អិត ទាំងក្មេង និងចាស់ , ជាពិសេស ការចាក់វ៉ាក់សាំងដូសទី៣ ដូសជំរុញ ឬដូសប្រសិទ្ធភាព ជាមូលហេតុចម្បងធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ លើវីរុសកូវីដ-១៩បំប្លែងថ្មី Delta ។

ទោះបីត្រឹមជាប្រទេសតូចមួយ ដែលមានទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (per capita GDP) ស្មើនឹង១០ភាគរយ នៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់សហភាពអឺរ៉ុប កម្ពុជាសម្រេចបានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រហាក់ប្រហែលគ្នា ហើយមានអត្រាអ្នកស្លាប់តិចជាងដល់ទៅ២០ដង។
ការមើលឃើញពីជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រង ទប់ស្កាត់កូវីដ-១៩នេះ ក៏ត្រូវបានស្ថាប័នស្រាវជ្រាវសហរដ្ឋអាមេរិក Institute for Policy Studies កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានចុះផ្សាយអត្ថបទមួយ ដោយកត់សម្គាល់ពីភាពជោគជ័យ នៃការគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសកម្ពុជា។ វិទ្យាស្ថាន Institute for Policy Studies នេះ បានលើកឡើងថា កម្ពុជាត្រូវបានសង្កេតឃើញថា កំពុងតែទប់ទល់វីរុស Delta ប្រកបដោយជោគជ័យបានច្រើន។

បើក្រឡេកមើល ប្រទេសជិតខាងរបស់កម្ពុជា ដូចជាថៃ និងវៀតណាម ជាដើម សុទ្ធតែកំពុងមានករណីឆ្លងប្រចាំថ្ងៃជាមធ្យមខ្ទង់ម៉ឺននាក់ និងស្លាប់ខ្ទង់រយនាក់ ដោយសារតែវីរុស Delta បន្ទាប់ពីប្រទេសទាំងនេះ ត្រូវគេចាត់ទុកថា បានគ្រប់គ្រង COVID-19 ដោយជោគជ័យអស់ជាច្រើនខែរួចមក ប៉ុន្តែពេលនេះកំពុងតែរងនូវការវាយប្រហារពីកូវីដ-១៩ ធ្ងន់ធ្ងរទៅវិញ។ ចំណែក ភាពជោគជ័យរបស់កម្ពុជា ត្រូវបានគេយល់ឃើញថា គឺដោយសារផែនការ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងឆាប់រហ័សបំផុត ជាពិសេស ការចាក់ទាំងមនុស្សក្មេង-ចាស់ និងចាក់ដូសទី៣ ដែលជាជំហានបោះទៅមុនប្រទេសនានា។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងៗគេលើលោក ដែលបានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) និងចាក់ឲ្យកុមារ។
បើពិនិត្យ មើលទិន្នន័យផ្ទាល់វិញ គឺបច្ចុប្បន្នប្រជាជនកម្ពុជា ជាង១០លាននាក់ ឬស្មើនឹងជាង៧០ភាគរយ នៃចំនួនប្រជាជនសរុប ទទួលបានការចាក់វ៉ាក់សាំង ចំនួន ២ដូសពេញលេញ (គ្រប់ដូស) ខណៈនៅប្រទេសថៃ ទើបសម្រេចបានត្រឹមជិត ២៣ភាគរយ ហើយវៀតណាម សម្រេចបានជាង ៧ភាគរយ តែប៉ុណ្ណោះ។ ជោគជ័យនៃការចាក់វ៉ាក់សាំង បានជួយឲ្យកម្ពុជា រក្សាតួលេខអ្នកស្លាប់នៅកម្រិតយ៉ាងទាប ធៀបនឹងប្រទេសជិតខាង នៅក្នុងតំបន់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







