ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងសាទុក្ខរបស់ ពិរុទ្ធជន ជាជនជាតិបារាំងម្នាក់ និង ស្រី្តខ្មែរម្នាក់ ដែលត្រូវជាគូសេ្នហ៍នឹងគ្នា ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិសុវណ្ណសាគរ និង ភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២០ តាមបញ្ញត្តិ មាត្រា ៤០ និង ៤៥ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
សវនាការនេះ ត្រូវបានដឹកនាំដោយលោកចៅក្រម ឃឹម ប៊ុណ្ណ អនុប្រធាន តុលាការកំពូល និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង មានលោកអ៊ុក ឌុច គឹមសន ជាតំណាងមហាអយ្យការអមតុលាការកំពូល។
លោកអ៊ុង សៀង ជាចៅក្រមរបាយការណ៍ បានថ្លែងឲ្យដឹង នៅក្នុងអង្គការសវនាការថា ជនជាប់ចោទទី ១ ឈ្មោះ Plasse Steve ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ កាណាដា សញ្ជាតិបារាំង និងទី ២ ឈ្មោះ មិញ ស៊ាងលី ភេទ ស្រី អាយុ ៣៥ ឆ្នាំ។ អ្នកទាំងពីរ គឺជាគូរស្នេហ៍នឹងគ្នា។
លោកចៅក្រម បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ, ពួកគេទាំងពីរ ត្រូវបានតុលាការខេត្តកំពត កាលពីថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០២ ឆ្នាំ និង ០៦ ខែ ពីបទ ” ប្រើប្រាស់ និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន “។
ជនជាប់ចោទទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកំពត ទៅកាន់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។
តែសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានតម្កល់សាលក្រម របស់តុលាការខេត្តកំពត រក្សាទុកជាបានការដដែល។ ពួកបានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូល។
លោកចៅក្រម បានបន្ថែមថា ជនជាប់ចោទទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២០ នៅក្នុងចំណុចកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបាន ថ្នាំញៀនមួយចំនួន ០៤ កញ្ចប់ ពីពួកគេ។
សំណុំរឿងក្តីនេះ, តុលាការកំពូលនឹងប្រកាសសាលដីកា នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា