Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​មិន​អនុញ្ញាត​ឲ្យ​បើក​ក្លឹប​កម្សាន្ត​នៅពេល​ថ្ងៃ​ទេ ព្រោះ​អាចធ្វើ​ឲ្យ​សិស្ស​មួយចំនួន គេច​ពីសា​លា ទៅ​ចូល​ក្លឹប​កម្សាន្ត​

ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា​៖​ចាប់ពីពេលនេះ​តទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្លឹប​កម្សាន្ត​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​បើក​នៅពេល​ថ្ងៃ​ទៀត​នោះទេ​ពីព្រោះ​ខ្លាច​ប្អូនៗ​និង​ក្មួយៗ​សិស្ស​មួយចំនួន​មិន​ចូលរៀន​គេច​សាលា​ទៅ​ចូល​ក្លឹប​កម្សាន្ត​ធ្វើ​ឲ្យ​ខូចអនាគត​។ ដែល​នេះ​ជាការ​គិតគូរ​ដ៏​វែងឆ្ងាយ​មួយ របស់​ថ្នាក់ដឹកនាំ​របស់​យើង ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​សិស្ស​ប្រឹងប្រែង​សិក្សា​រៀនសូត្រ មិន​គេច​សាលារៀន​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រំលឹក​ប្រាប់​ដល់​សិស្សានុសិស្ស​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ចែក​រង្វាន់​សិស្ស​ពូកែ រាជធានី​ភ្នំពេញ ឆ្នាំ​២០១៦-២០១៧ នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​ថ្លែងថា​៖ “​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ពេលបច្ចុប្បន្ន​នេះ ពិតជា​មានសំណាង​ណាស់ ដែល​បាន​សិក្សា​រៀនសូត្រ​ពេញលេញ ដោយសារតែ​ប្រទេសជាតិ គ្មាន​សង្គ្រាម​ក្រោម ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​ដូច្នេះ​ពេលនេះ​ក្មួយៗ​មានឱកាស​រៀនសូត្រ​បាន​ពេញលេញ​ប្រទេស​មា​នស​ន្រិ​ភាព​និង​សន្តិសុខ​គ្រប់គ្រាន់​ហើយ​ខិតខំ​រៀនសូត្រ​ប្រឡងប្រជែង​គ្នា​ដណ្ដើមយក​ចំណេះដឹង​និង​ចំណេះធ្វើ​ដើម្បី​ចូលរួម​ដឹកនាំ​និង​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត​បន្តវេន​ពី​អុំ ពូ​មីង​ជំនាន់​នេះ​។​ដោយសារតែ​ក្មួយៗ​ខុសពី​ក្មេង​ជំនាន់​ពូ​និង​អុំ​កើតមក​ចំ​ប្រទេស​មាន​សង្គ្រាម​រៀន​ផង​គេច​គ្រាប់ផ្លោង​ផង គ្រាប់​បាញ់​ពី​យន្តហោះ​របស់​អាមេរិក​ទំលាក់​គ្រាប់​បែ​បក​ផង​រៀន​ក្នុងការ​ភ័យខ្លាច​”​។​

ជាមួយគ្នានេះដែរ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ពី​សភាពការណ៍​នយោបាយ​វិវឌ្ឍន៍​ថ្មី​នៅ​ប្រទេស​កម្ពុជា​និង​ជាពិសេស ពី​ការចាប់ខ្លួន​របស់លោក កឹម សុខា ដែល​មានទោស​ក្បត់ជាតិ និង​ចង់​ដឹកនាំ​ការធ្វើបដិវត្ត​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន ។ លោក​បញ្ជាក់ទៀតថា​៖ ការធ្វើ​បដិវត្តន៍​និង​បដិវត្ត​ពណ៌​នេះហើយ​បានធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ចូលក្នុង​សង្គ្រាម រហូត​ធ្លាក់ចូល​របប​ខ្មែរក្រហម សម្លាប់​ប្រជាពលរដ្ឋ​យ៉ាង​រង្គាល​។ ដោយហេតុ​នេះហើយ​បានជា​នៅពេលនេះ​ទើប​រាជរដ្ឋាភិបាល​ទប់​ស្កាត់​យ៉ាង​ដាច់ខាត មិន​ឲ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ក្នុង​សង្គ្រាម​ទៀត​ទេ​៕ ដោយ​៖​កូ​ឡាប

×