ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តLexus LX470 ពណ៌ខ្មៅមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់អស់២កង់ ចំណែកឯរថយន្តបង្កខ្ទេ.ចមួយកំណាត់ខាងមុខទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ចំណុចជាប់សាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តLexus LX470 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2K-7173 បើកបរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតរថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹងបា.ក់មួយកង់ខ្ទាតពេញផ្លូវរួចបន្តល្បឿន ទៅបុករបាំងថ្មនៅពីមុខមួយកង់ទៀត បណ្តាលឲ្យរថយន្តទើរជាប់ទៅមុខលែងរួច។ ហើយភ្លាមៗនោះដែរ ក៏មានរថយន្តមួយគ្រឿងទៀត មកដឹកតៃកុងរថយន្តបង្ក ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត



